
បាត់ដំបង ៖ បុរសជាឪពុកចុងម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានយកញញួរវាយទៅលើកូនស្រីចំនួន ៤ ញញួរ ដោយសារតែហាមមិនស្ដាប់រឿងលេងឆាតជាមួយប្រុស។
ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ២២ និង ០៥នាទី នៅចំណុចក្រុមទី១០ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ជនសង័្សយដែលត្រូវជាឪពុកចុងបានធ្វើសកម្មភាពយកញញួរដងដែក វាយទៅលើកូនស្រីរងគ្រោះឈ្មោះ ហ៊ន ស្រីណា ភេទស្រី អាយុ ១៧ ឆ្នាំ (ដែលត្រូវជាកូនចុង) រស់នៅក្នុងផ្ទះជាមួយគ្នា បណ្ដាលឱ្យរងរបួសក្បាលពីខាងក្រោយ និង មុខចំហៀងខាងស្តាំ (របួសធ្ងន់ធ្ងរ) ដោយសារតែឃើញកូនស្រីនិយាយទូរស័ព្ទ និងឆាតជាមួយប្រុសញឹកញាប់ពេក ហើយហាមមិនស្តាប់។
ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារ និងមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួចមក នៅថ្ងៃទី១៩ មីនា វេលាម៉ោង១ និង៤០ នាទីរសៀល លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ធ្វើការស្រាវជ្រាវនិងបង្ក្រាបករណីហិង្សាក្នុងគ្រួសារនេះ ដោយឃាត់ខ្លួនជនសង្ស័យជាឪពុកចុង ឈ្មោះ ស៊ឹម ស្រួច ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងនគរបាលស្រុកសំពៅលូនកំពុងកសាងសំណរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ចំណែកកូនស្រីដែលរងរបួសធ្ងន់ កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ៕