
ភ្នំពេញ ៖ ស្ត្រីម្នាក់បើកម៉ូតូកង់បីទៅទិញបន្លែនៅផ្សារជម្ពូវ័ន ដើម្បីយកទៅលក់ ស្រាប់តែត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូ មួយគ្រឿង មកឆក់យកកាបូបស្ពាយទៅបាត់ ហើយបណ្ដាលឲ្យម៉ូតូកង់បីរេចង្កូតទៅបុកខឿនផ្លូវក្រឡាប់បាក់ ដាច់កង់មុខ ចំណែកមនុស្សរងរបួសស្រាល ។
ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២២ នៅ តាមផ្លូវសហព័ន្ធរុស្ស៊ី ចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះដាំ ឈុនលី អាយុ៤៣ឆ្នាំ មុខរបរ លក់បន្លែនៅផ្សារឈូកមាស ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិសង្គមមានជ័យ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ចំណែកលុយ និងសម្ភារៈ ដែលជនសង្ស័យយកទៅបាត់ មានលុយ(១៥០០០០០)លានរៀល ចិញ្ចៀនប្លាទីន១វង់ ទូរស័ព្ទ ដៃ ម៉ាកoppo ១គ្រឿង និងឯកសារ មួយចំនួនទៀត ចំណែកម៉ូតូបាក់ដាច់កង់មុខ ។
ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់បើកម៉ូតូកង់បីចេញពីផ្ទះ ឆ្ពោះទៅរកទិញបន្លែនៅផ្សារជម្ពូវ័ន ដើម្បីយកទៅលក់នៅផ្សារឈូកមាស ពេលដែលបើកតាមផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ដល់ ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក តាមមកឆក់យកកាបូបស្ពាយពីគាត់ទៅបាត់ ហើយម៉ូតូកង់បីរេចង្កូតជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ ក្រឡាប់ម៉ូតូកង់បី បាក់ដាច់កង់មុខ ចំណែកមនុស្សរងរបួសស្រាល ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ដើម្បីឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវតាមចាប់ក្រុមចោរឆក់ ដែលពលរដ្ឋអះអាងថា បាននិងកំពុងធ្វើសកម្មភាព ឆក់ លួច ទាំងយប់ថ្ងៃ ក្នុងខណ្ឌពោធិ៍សែនជ័យ ៕