
ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្ដ និង រថយន្ដ លើផ្លូវជាតិលេខ០១ នៅត្រង់ចំណុចគីឡូម៉ែតលេខ១២៦/១២៧ ស្ថិតនៅក្នុង ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង បណ្ដាលឲ្យមានមនុស្ស៤នាក់ស្លាប់និងម្នាក់រងរបួសធ្ងន់។
គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅថ្ងៃ សៅរ៍ ០២ រោច ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ០៤និង១០ នាទីទៀបភ្លឺ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ដបែនម៉ាក SCANIA ពណ៏ ស ពាក់ស្លាកលេខ កំពង់ចាម 3B – 0332 បើកបរដោយឈ្មោះ យឿន ភារម្យ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ តាជោរ ឃុំ សង្កែ ស្រុក រំដួល ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង លុះដល់កន្លែងកើតហេតុបានបុកពេញទំហឹងជាមួយរថយន្ដម៉ាក ហាយឡែនឌ័រ ពណ៍ សំបកឪឡឹកពាក់ស្លាកលេខ ភ្នំពេញ 2BD-1141 បើកបរពីកើតទៅលិច បើកបរដោយឈ្មោះ ហឹម ដានី ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មានមុខរបរ ជាអ្នករត់តាក់សុី រស់នៅភូមិ គោកល្វាង សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្ត ស្វាយរៀង បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ ចំណែកឯរថយន្ដទាំងពីររងខូចខាតយ៉ាងដំណំ ។
សមត្ថកិច្ចបានបន្ដទៀតថា ក្នុងរថយន្ដម៉ាក ហាយឡែនឌ័រពណ៍សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2BD-1141មានអ្នករួមដំណើរចំនួន០៤នាក់ បានបាត់បង់ជីវិតទាំងអស់។
ជនរងគ្រោះទាំង០៤នាក់មានឈ្មោះ ៖
១. ស៊ុន ស្រីណង ភេទស្រី អាយុ ៤៤ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ជ្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្ត ស្វាយរៀង ( ស្លាប់ )។
២. ពេជ្រ ដាំ ភេទប្រុស អាយុ ៤៨ មុខរបរ លក់ដូរ រស់នៅភូមិ ជ្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្ត ស្វាយរៀង ( ស្លាប់ )។
៣. ទីវ ឡន ភេទស្រី អាយុ ៣២ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ដើមពោធិ៍ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្ត ស្វយរៀង ( ស្លាប់ )។
៤. លុន រតនា ភេទប្រុស អាយុ ០៨ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ដើមពោធិ៍ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង ( ស្លាប់ ) ។
ក្រោយពីសមត្ថកិច្ចវាស់វែង រួចបានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកឯ រថយន្ដទាំងពីរត្រូវបានរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង រង់ចាំការដោះស្រាយនៅពេលក្រោយ៕