
ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តម៉ាសស្ដា បុករះម៉ូតូ ២គ្រឿង បណ្ដាលអោយមនុស្សប្រុសស្រីចំនួន ៣ នាក់រងរបួសធ្ងន់ស្រាលក្នុងនោះ មានស្ត្រីពោះធំជិតគ្រប់ខែម្នាក់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ករណីនេះកើតឡើងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង 1:30 រំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញបុរសម្នាក់ បើករថយន្ត masda ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AD-3337 តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុង ទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន។
លុះមកដល់មុខសណ្ឋាគារភ្នំពេញ ក៏បានបុករះពីក្រោយ ម៉ូតូ ២គ្រឿង ដោយមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1DD-6234 ជិះគ្នាពីរនាក់ប្ដីប្រពន្ធ និងមួយគ្រឿងទៀត ម៉ូតូឌ្រីមសង់ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-9987 បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យខ្ទាតឡើងលើចិញ្ចើមផ្លូវ ចំណែកឯម៉ូតូមួយគ្រឿងទៀត ត្រូវអូស តាមរថយន្តប្រហែល 50 ម៉ែត ទើបប្រជាពលរដ្ឋឃាត់បាន។
ក្នុងករណីនេះបណ្ដាលឲ្យ ស្ត្រីមានផ្ទៃពោះ ជិតគ្រប់ខែម្នាក់ រងរបួសស្រាល ចំណែកបុរសជាអ្នកបើកបរ ២ នាក់ទៀត រងរបួសធ្ងន់ ដោយម្នាក់ បាក់ចង្កេះត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បានឃាត់ខ្លួនអ្នកបើកបររថយន្ត បញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល សង្កាត់ស្រះចក រួចក៏បានទាក់ទងទៅ សមត្ថកិច្ចជំនាញនគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចុះមកវាស់វែងរួចស្ទូចរថយន្តនិងម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ នៅពេលក្រោយ៕
