
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោង បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង ១២:៤០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់ បានបើករថយន្តម៉ាក តូយូតាព្រូស មួយគ្រឿងពណ៌ស្ក ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ 2AG-1670 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុច កើតហេតុខាងលើ ដោយសារផ្លូវកោង និងបើកក្នុងល្បឿនលឿនផង ក៏បួងចង្កូតមិនទាន់ ហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម។
ចំណែករថយន្ត វិលមួយជុំខូចខាត ផ្នែកខាងមុខដាច់កង់ ទៅមុខលែងរួច ពេលនោះគេឃើញបុរសដែលជាអ្នកបើកបរ រងរបួសធ្ងន់ ត្រូវបានរថយន្តសារម៉ុយ ដឹកយកទៅសង្រ្គោះជីវិត នៅមន្ទីពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកចាំម្ចាស់ចូលខ្លួនមក ដោះស្រាយគ្នា នៅពេលក្រោយ៕