
ៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ភូមិកុមារ SOS ព្រៃវែង ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំកំពូលៗរបស់ ក្រសួង-ស្ថាប័នជាតិ, ក្រុមប្រឹក្សា អភិបាលខេត្ត, អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនិតិសម្បទា បានធ្វើសេចក្តីរាយការណ៍សង្ខេបជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអង្គពិធីជ្រាបថា អង្គការ ភូមិកុមារ SOS អន្តរជាតិ បានចាប់ផ្តើមធ្វើការជាមួយកម្ពុជាកាលពីឆ្នាំ១៩៩៩។ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ អង្គការ ភូមិកុមារ SOS បានកសាងភូមិកុមារ នៅកម្ពុជា បានចំនួន ០៧កន្លែង នៅតាមបណ្តារាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, បាត់ដំបង, រតនគិរី, ក្រចេះ, កំពត, និងព្រៃវែង។
ឯកឧត្តម បានបន្ដថា ក្រៅតែពីកសាងភូមិកុមារ ដើម្បីផ្តល់ការស្នាក់នៅ និងផ្តល់ការថែទាំសម្រាប់រយៈពេលវែងហើយនោះ អង្គការមនុស្សធម៌មួយនេះ ក៏បានអនុវត្តគម្រោងមួយចំនួនទៀត មានដូចជា៖ កម្មវិធីពង្រឹងគ្រួសារតាមសហគមន៍, ការបង្កើតផ្ទះសម្រាប់យុវជន, ការបង្កើតមត្តេយ្យសាលា និងសាលារៀន ហ័រម៉ាន ម៉ៃន័រ, ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ, មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ និងមជ្ឈមណ្ឌលសង្គមកិច្ច។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏បានជម្រាបជូនអង្គពិធីទាំងមូល ថា ភូមិកុមារ SOS ព្រៃវែង បានសាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ភូមិកុមារ SOS ព្រៃវែង បានចាប់ផ្តើមបើកឱ្យកុមារចូលស្នាក់នៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ បច្ចុប្បន្ន មានកុមារកំពុងស្នាក់នៅ ២៧នាក់ ក្រោមការថែទាំរបស់អ្នកម្តាយ ៥នាក់ និងបុគ្គលិក ១០នាក់។ ភូមិកុមារ SOS កម្ពុជា បាននិងកំពុងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា ដែលត្រូវបានបោះបង់ចោល និងកុមារ មិនមានការថែទាំសមរម្យ។
នាឱកាសនោះ លោក Dr. Dereje Wordofa ប្រធាន ភូមិកុមារ SOS ព្រៃវែង បានលើកឡើងថា ជាការពិត និងការជឿជាក់លើទំនាក់ទំនង ព្រមទាំងការជួយឱ្យមានភាពរឹងមាំក្នុងការប្រឈមជីវិត គឺជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍកុមាររឹងមាំ មានន័យថា “ជាអ្នកជំរុញឱ្យប្រទេសជាតិមានធនធានមនុស្ស ប្រកបដោយសេចក្ដីក្លាហ៊ាន” ។
លោក បានបញ្ជាក់ថា ក្នុងនាមជា ប្រធានកុមារ ភូមិកុមារ SOS ព្រៃវែង ក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យ អង្គការ SOS មានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា តាំងពីទស្សវត្សរ៍៩០ ដើម្បីមានឱកាសចូលរួមការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេច ពិតជាមានសេចក្តីរីករាយណាស់ បានអញ្ជើញមកសម្ពោធដាក់ឱ្យប្រើប្រាស់ ភូមិកុមារ SOS ព្រៃវែង នាពេលនេះ ជាពិសេសក្រោមភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិ SOS ដើម្បីជាទីពឹង និងក្តីសង្ឃឹមរបស់កុមារកម្ពុជា។
សម្ដេចតេជោ បានរៀបរាប់ថា ភូមិកុមារ SOS ព្រៃវែង នេះ គឺជាទី០៧ បន្ទាប់ពីការចាប់ផ្ដើមរបស់អង្គការ នៅចុងទស្សវត្សរ៍៩០ ហើយត្រូវបានចាប់ផ្ដើមសម្ពោធដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០២។ សម្ដេច បានបន្ដថា ជាក់ស្តែងកុមារកំព្រានៅតាមភូមិកុមារ SOS មានកុមារជាច្រើន បានក្លាយទៅជាអ្នកជោគវាសនាល្អ មានចំណេះដឹង កើតចេញពីការចិញ្ចឹមបីបាច់ និងការផ្តល់នូវការអប់រំនៅទីនេះ។
សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា កុមារដែលចិញ្ចឹមបីបាច់ដោយអង្គការកុមារ SOS ប្រមាណ ៤នាក់ បានក្លាយទៅជាវេជ្ជបណ្ឌិត, ៦នាក់ ក្លាយជាវិស្វករ, ៧នាក់ ក្លាយអ្នកបម្រើការនៅធនាគារ, ៣នាក់ ក្លាយជាស្ថាបត្យករ, ២នាក់ ក្លាយជាអ្នករចនា និងជាច្រើននាក់ទៀត បានក្លាយជាអ្នកបម្រើការងារក្នុងវិស័យអាជីវកម្ម សេវាបម្រើអតិថិជន និងបម្រើការងារក្នុងជួររាជរដ្ឋាភិបាល។
លើសពីនេះទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបរិច្ចាគដី និងថវិកាជាដើម សម្រាប់សាងសង់ ភូមិកុមារ SOS ព្រៃវែង ដែលជាចំណែកមួយជួយដល់កុមារក្នុងសហគមន៍ ព្រមទាំងទទួលបានការថែមទាំងដល់ល្អរបស់ លោកគ្រូ-អ្នកគ្រូ និងអ្នកម្ដាយទាំងឡាយមាននៅទីនេះ។ សម្ដេចតេជោ មានក្តីសង្ឃឹមថា អង្គការ SOS នឹងបន្ដជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនាគត និងកុមារនៅកម្ពុជា។
សូមជម្រាបជូនដែរថា ភូមិកុមារ SOS ព្រៃវែង បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា