
បន្ទាយមានជ័យ៖ សមត្ថកិច្ច បានបញ្ជូនជនជាតិចិនម្នាក់ ទៅតុលាការដាក់ទោសតាមផ្លូវច្បាប់ ក្រោយបើករថយន្តទៅបុកម៉ូតូមួយគ្រឿង និងហួសទៅបុករថយន្តចតចោលមួយគ្រឿងទៀត បណ្ដាលស្លាប់មនុស្សពីរនាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលឲ្យដឹងថា កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ នេះនៅវេលាម៉ោង ១ និង ៤០ នាទីរំលងអធ្រាត្រនៅ លើផ្លូវជាតិលេខ ៥ ត្រង់ចំណុចមុខ ផ្ទះសំណាក់ផ្កាយព្រឹក ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តលុចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-1911 បើកពីកើតទៅលិចទាំងស្ថានភាពស្រវឹងខ្លាំង បើកទៅបុកពីក្រោយម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1B-0599 ពេញទំហឹង បណ្តាយឲ្យមនុស្សស្លាប់ដល់ទៅ ០២ នាក់ រួចរេចង្កូតទៅបុករថយន្តម៉ាកហ្វត ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1C-2222. ដែលចតទុកមុខផ្ទះ បណ្តាលឲ្យខ្ទេចយ៉ាងដំណំបន្ថែមទៀត។
លោកបានបន្តថា សពទាំង២នាក់មាន
ទី១. ឈ្មោះ ម៉ៅ យ៉ុងប៊ិន អាយុ ១៧ ឆ្នាំ ភូមិត្នោត ឃុំសឹង្ហ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ
ទី២. ឈ្មោះ ប៉ា សៀងហៃ អាយុ ២០ ឆ្នាំ ភូមិទូលពង្រ ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាអ្នករួមដំណើរ។
ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ស៊ូ សៀវពីង (XU XUEBING) ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ហ្គោលដិនស្ទួចត្រី ស្នាក់នៅបណ្តោះអាសន្ន ក្នុងបុរីដួងចន្ទ័ ក្នុងភូមិសាមគ្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឲ្យដឹងបន្តទៀតថា មុនពេលឃាត់ខ្លួនជនជាតិចិនរូបនោះ ព្រោះបើករថយន្តក្នុងស្ថានភាពស្រវឹងខ្លាំងបើកទៅបុកអ្នកជិះម៉ូតូ ២ នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ បានបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ចំពោះមូលហេតុនៃគ្រោះថ្នាក់ខាងលើ គឺភាគីបើកបររថយន្តជនជាតិចិនបើកក្នុងល្បឿនលឿនទាំងស្រវឹង ប្រមាថស្ថានការណ៍និងជីវិតមនុស្ស។
សូមបញ្ជាក់ផងដែរថា សម្ភារៈខូចខាត គឺយានយន្តទាំងបីខូចខាតយ៉ាងដំណំ ត្រូវបានកម្លាំងនគរបាលជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត។ ចំណែកជនបង្ក សមត្ថកិច្ចឃុំខ្លួនត្រៀមកសាងសំណុំរឿងទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់។ ឯក្រុមគ្រួសារជនរងគ្រោះ បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឲ្យបានត្រឹមត្រូវ និងតឹងរ៉ឹងបំផុតលើជនជាតិចិនដែរបង្កហេតុមួយនេះ ៕