
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមជម្រើសជាតិក្នុងមណ្ឌលហាត់ហ្វឹកហ្វឺនបិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាពេលខាងមុខ ។
តាមប្រភពព័ត៌មានឲ្យដឹងថា ការប្រមូលផ្តុំក្រុមជម្រើសជាតិក្នុងមណ្ឌលហាត់ហ្វឹកហ្វឺនបិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នេះ មានរយៈពេល ៨ខែ និង ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លើ ១៧ប្រភេទកីឡា ក្នុងនោះមានគ្រូបង្វឹក គ្រូជំនួយ ៦៧នាក់ កីឡាករ ២០៩នាក់ កីឡាការិនី ១១៩នាក់ សរុប ៤១២នាក់ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ៕