
កំពង់ធំ៖ នារីវ័យក្មេងម្នាក់ បានដើរចុះក្នុងទឹក ធ្វើអត្តឃាត សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ក្បែរនោះ។
ហេតុការណ៍នេះ បានកើតឡើង នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុច រមណីយដ្ឋានអូរមាន ស្ថិតក្នុងភូមិជាំផល ឃុំជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងនាព្រឹក ថ្ងៃទី១៣ ខែមីនា នេះថាៈ នារីរងគ្រោះ ឈ្មោះ គា សុឃឹះ អាយុ១៧ឆ្នាំ រស់នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
បើតាមបងស្រីបង្កើតរបស់ជនរងគ្រោះ ឈ្មោះ គា ឃីម អាយុ ៣២ ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នេះ ម៉ោងប្រមាណ ១៤ៈ៣០ នាទី ខ្លួនកំពុងអង្គុយលេង នៅផ្ទះ ស្រាប់តែប្អូនស្រី ឈ្មោះ គា សុឃឹះ បានទូរស័ព្ទ ប្រាប់ថា មកយកប្អូននៅអូរមានផង ប្អូនពិបាកចិត្តខ្លាំងណាស់ សម្លាប់ខ្លួន ឥឡូវហើយ ខ្លួនក៏សួរថា តើមានរឿងអ្វី? នារីនោះ ក៏បានឆ្លើយថា ប្អូនខូចចិត្ត រឿងស្នេហា ភ្លាមនោះ ក៏បិទទូរស័ព្ទតែម្ដង។
បន្ទាប់ពីបិទទូរស័ព្ទហើយ ខ្លួនព្យាយាមទូរស័ព្ទទៅ ប៉ុន្តែមិនចូល ក៏ប្រញាប់ ប្រាប់បងប្អូន ឲ្យជួយ តាមរកប្អូន នៅកន្លែងលេងទឹកអូរមានតែម្ដង។ ពេលមក ដល់អូរមាន ខ្លួនបានរាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ហើយក៏នាំគ្នាចុះ រកនៅក្នុងទឹក ក៏ប្រទះឃើញប្អូនស្រី តែដាច់ខ្យល់ស្លាប់បាត់ហើយ។
កម្លាំងជំនាញស្រុក ប៉ុស្តិ៍រដ្ឋបាល ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ/ឃុំ និង ពេទ្យ បានចុះពិនិត្យដល់កន្លែងកើតហេតុ ពិនិត្យឃើញថា សពមានសភាពប៉ោងពោះ ហូរពពុះទឹកលាយឈាម ពណ៌ក្រហមព្រឿងៗ តាមច្រមុះ ក្រៅពីនេះ មិនមានស្លាកស្នាមអ្វី ពាក់ព័ន្ធនឹងឃាតកម្មឡេីយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា សពពិតជាបាន លង់ទឹកស្លាប់ពិតប្រាកដមែន ។
ក្រោយធ្វើកំណត់ហេតុហើយបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕