
ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូចេញពីទិញចំណីអាហារឱ្យកូនហូបស្រាប់តែត្រូវជនសង្ស័យម្នាក់រត់មកឆក់យកកាបូបស្ពាយបានសំរេច រួចរត់គេចខ្លួនទៅបាត់ស្រមោល លុះមួយសន្ទុះក្រោយមក ជនសង្ស័យក៏បានយកឯកសារមកឱ្យស្ត្រីរងគ្រោះវិញ ហើយជនសង្ស័យរូបនេះដកយកតែលុយនៅក្នុងកាបូបជាង៤០ម៉ឺនរៀលតែប៉ុណ្ណោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ជិតនឹងធនាគារវឌ្ឍនៈ ក្បែរនឹងស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ស្ត្រីរងគ្រោះខាងលើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅក្នុងកាបូបស្ពាយរបស់គាត់ គឺមានលុយខ្មែរជាង៤០ម៉ឺនរៀល និងមានឯកសារមួយចំនួនទៀត ។
តាមសម្តីស្ត្រីរងគ្រោះបានឱ្យដឹងបន្តថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GF 5522 ចេញពីទិញចំណីអាហារឱ្យកូនហូបនៅម្តុំស្ទឹងមានជ័យ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ បានរត់ថ្មើរជើងមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់បានសំរេច ហើយរត់ចូលទៅច្រកឌឿនហែមបាត់ស្រមោល ។
ស្ត្រីរងគ្រោះបន្តទៀតថា លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានបក្សពួករបស់ជនសង្ស័យបានយកឯកសារពាក់ព័ន្ធ ដូចជា អត្តសញ្ញាណប័ណ្ឌ កាតធនាគារ និងប័ណ្ណចាក់វ៉ាក់សាំងមកឱ្យគាត់ជាជនរងគ្រោះវិញ ចំណែកលុយខ្មែរជាង៤០ម៉ឺនរៀល រួមទាំងកាបូបត្រូវជនសង្ស័យយកទៅបាត់តែម្ដង។
គួរបញ្ជាក់ថា ក្នុងករណីខាងលើនេះផងដែរ ដោយជនរងគ្រោះរង់ចាំសមត្ថកិច្ចមូលដ្ឋានយូរពេក ហើយណាមួយគាត់ប្រញាប់ផង ក៏មិនបានទៅដាក់ពាក្យបណ្ដឹងដែរ ក៏បន្តដំណើរដោយជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។