ភ្នំពេញ៖ បុរស២នាក់បងប្អូនថ្លៃជិះម៉ូតូឌុបគ្នាត្រូវរថយន្តបើកឆ្លងផ្លូវបុកពេញទំហឹងបណ្ដាលអោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់បញ្ជូនទៅជួយសង្រ្គោះបន្ទាន់។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលា ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី ១២ខែ មិនា ឆ្នាំ ២០២២ចំណុចខាងត្បូងរង្វង់មូលនាងមច្ឆាមប្រមាណ១០០ម៉ែត្រ តាមបណ្តោយ មហាវិថី អូស៊ីអាយស៊ីកែងផ្លូវបេតុងក្នុងភូមិដើមគសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
រថយន្ត បង្កម៉ាកតាកូម៉ាពណ៌សពាក់ស្លាកលេខភ្នំពេញ2BG 6730បើកបរដោយបុរសវ័យ ចំណាស់ ម្នាក់។ ម៉ូតូជនរងគ្រោះម៉ាកឌ្រីមសង់ពណ៌ ខ្មៅពាក់ស្លាកលេខ កណ្តាល1AN 2782ជិះឌុបគ្នាដោយ បុរសពីរនាក់ជាបងប្អូនថ្លៃនឹងគ្នា អ្នកឌុបឈ្មោះលី ណាំឈីវ អាយុ២៤ឆ្នាំមុខរបរកម្មផ្សារដែក ស្នាក់នៅភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានស្លាប់ និងម្នាក់ទៀតជាបងថ្លៃរបួសធ្ងន់។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេល កើតហេតុគេឃើញបុរសពីរនាក់ ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវអូស៊ីអាយុស៊ីក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តតាកូម៉ាមួយគ្រឿងបើកតាមបណ្តោយផ្លូវអូស៊ីអាយស៊ីបើកក្នុងទិសដៅពីត្បូងទៅជើងបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងអូសប្រមាណ៥ម៉ែត្របណ្ដាលអោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់។ អ្នកបើកបររថយន្ដត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយពីកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅបន្ទីពេទ្យ បំណែកឯអ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកម៉ូតូនិងរថយន្តរួមទាំងតៃកុងរថយន្តបន្ទាប់ពីវាស់វែងរួចត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីដើម្បីចាត់ការតាមនីតិវិធី៕