
កណ្តាល៖ ចោរម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ រួចជិះម៉ូតូរត់គេចខ្លួនបានប្រហែលមួយគីឡូម៉ែត្រ ស្រាប់តែដួលម៉ូតូ ត្រូវត្រូវបានប្រជាពលរដ្ឋនាំគ្នាចោមរោមឃាត់ភ្លាមៗ លុះកម្លាំងប៉ុស្តិ៍ស្វាយរលំ ចុះទៅដល់បាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ជាង ៧យប់ ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២២ នៅចំណុចមុខរោងចក្រខេមបូ ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប៉ូលិសក្រុងតាខ្មៅបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អឿន សារុន ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ (ត្រូវបានឃាត់ឃាត់ខ្លួន) រស់នៅភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបាន ម៉ូតូមួយគ្រឿងម៉ាក HONDA ឆ្នាំ ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល ១R-៩១៦៦ (របស់ជនសង្ស័យ), ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន (របស់ជនសង្ស័យ) កាបូបស្ពៀយពណ៌ខ្មៅចំនួនមួយម៉ាក Pumma (របស់ជនសង្ស័យ) និងទូរសព្ទ័មួយគ្រឿងម៉ាក OPPO A5 ពណ៌ស (របស់ជនរងគ្រោះ) ។
សមត្ថកិច្ចបានបន្តទៀតថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរសព្ទ័ជនរងគ្រោះនៅចំណុច មុខរោងចក្រខេមបូ ស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ រួចក៏បានជិះរត់បានប្រហែលមួយគីឡូម៉ែត្រស្រាប់តែដួលម៉ូតូ ហើយក៏ត្រូវបានប្រជាពលរដ្ឋចោមរោមវាយ តែបានកម្លាំងប៉ុស្តិ៍ស្វាយរលំ ចុះទៅដល់បានឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តនីតិវិធី ។
ប៉ូលិសបានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តសំណាក និងធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធបង្ហាញថា អវិជ្ជមានកូវីដ-១៩ ប៉ុន្តែ វិជ្ជមានសារធាតុញៀនក្នុងទឹកនោម ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕