
កណ្តាល ៖ ម្ដាយជិះម៉ូតូទៅដឹកកូនចេញពីរៀនអង់គ្លេសត្រលប់មកវិញ ជិតដល់ផ្ទះហេីយ បែរជាជួបគ្រោះអកុសល ត្រូវរថយន្តដឹកខ្សាច់បេីកបុកហើយកិនអូសទាំងមនុស្សទាំងម៉ូតូ បណ្ដាលឲ្យកូនស្រីវ័យ១២ឆ្នាំស្លា.ប់ក្រោមក.ង់រថយន្តគួរឲ្យអាសូរ និងម្ដាយរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០៧:២០នាទីយប់ ថ្ងៃសុក្រ ទី១១ ខែមិនា ឆ្នាំ២០២២នេះ នៅចំណុចផ្លូវលំជាប់គល់ស្ពានអាកាស(ទួលក្រសាំង)ត្រេីយខាងលិច ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលជាកូនមានឈ្មោះ ដួង សុវណ្ណមករា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងជនរងគ្រោះជាម្ដាយមានឈ្មោះ ខុម សុខឡាយ ភេទស្រី អាយុ៣៤ឆ្នាំ បានរងរបួសធ្ងន់ ។
ជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FK-0600 មានទីលំនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ចំណែករថយន្តបង្កម៉ាក Hyandai ដឹកខ្សាច់ ពាក់ស្លាកលេខកណ្ដាល 3A-2213 (មិនស្គាល់អត្តសញ្ញាណ) ។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ ស្ត្រីជាម្ដាយបានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ចេញពីផ្ទះទៅយកកូនចេញពីរៀនភាសារអង់គ្លេស រួចត្រលប់ទៅផ្ទះវិញ ដោយធ្វេីដំណើរ ទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿង បើកបញ្ច្រាសទិសទៅបុកជាមួយម៉ូតូរបស់ជនរងគ្រោះកំពុងជិះដឹកគ្នា បណ្ដាលឲ្យដួលហេីយកិនអូសទាំងមនុស្សទាំងម៉ូតូជាច្រើនម៉ែត្រទៀតទេីបឈប់ ឃេីញសភាពមិនស្រួលតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ជនរងគ្រោះជាកូនស្រីវ័យ១២ឆ្នាំបានស្លាប់យ៉ាងអាណោចអាធ័មក្រោមកង់រថយន្តដឹកខ្សាច់ និងស្ត្រីជាម្តាយរងរបួសធ្ងន់ ត្រូវបានអ្នកដំណេីរដែលធ្វេីដំណេីរឆ្លងកាត់នោះប្រទះឃេីញ ជួយទាក់ទងប្រាប់សមត្ថកិច្ចមូលដ្ឋានហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកស្ត្រីរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការមួយផ្នែកវាស់វែងចរាចរណ៍ ចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ យកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយតាមច្បាប់។
ចំណែកសពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕