
កំពង់ចាម ៖ ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនិងទ្រព្យសម្បត្តិជាច្រើនទៀត និងរថយន្តព្រុសមួយគ្រឿង បើកយកចេញមិនទាន់ ត្រូវភ្លើងឆេះខ្ទេច ។
ហេតុការណ៏នេះកើតឡើងកាលពី វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ នៅក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អែម យេកណា ភេទស្រី អាយុ៥៧ឆ្នាំ ជាស្រ្តីមេម៉ាយ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុដែលសង់ពីឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រx១២ម៉ែត្រ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ភ្លើងឆាបឆេះផ្តើមចេញពីចង្ក្រានបាយ ក្រោយឆាបឆេះភ្លាមៗ រថយន្តម៉ាកព្រុសមួយគ្រឿងម្ចាស់បើកយកចេញមិនទាន់ ត្រូវភ្លើងឆេះអស់ អ្នកជិតខាងជួយយកចេញបានតែម៉ូតូ២គ្រឿងប៉ុណ្ណោះ ។

ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចេញទៅជួយអន្តរាគមន៍ ប្រើទឹកបាញ់អស់៧រថយន្តទើបភ្លើងរលត់ ។
ជុំវិញករណីអគ្គិភ័យឆេះផ្ទះអាជីវករនេះ សមត្ថកិច្ចខេត្តកំពង់ចាមកំពុងស្រាវជ្រាវបន្ត៕