
ភ្នំពេញ ៖ បុរសជាកម្មករសំណង់និងបុកគ្រឹះម្នាក់ ទំនេរពីការងារ តខ្សែភ្លើងដើម្បីឆក់ត្រី តែភ្លាត់ស្នៀតផុងជើងដួលក្នុងទឹកឆក់ស្លាប់ខ្លួនឯងទៅវិញ ផ្អើលក្រុមគ្រួសារ បងប្អូន មកលើកស្រង់ឡើងគោក មិនអស់ចិត្តដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យរុស្ស៊ី ត្រូវបានគ្រូពេទ្យបញ្ជាក់ថា ស្លាប់បាត់ហើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ នៅក្បែរបន្ទប់ជួល ក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ វណ្ណា ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ និងបុកគ្រឹះ មានប្រពន្ធឈ្មោះ ជា ស្រីប៉ុច អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុ មានស្រុកកំណើត ភូមិ ព្រៃផ្តៅ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ ។
តាមសម្តីបុរសឈ្មោះ វណ្ណា អើក អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ជាមួយជនរងគ្រោះ ហើយត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះដែរ ស្នាក់នៅបន្ទប់ជាប់គ្នាបានឲ្យដឹងថា គាត់២នាក់បងប្អូន ថ្ងៃនេះមិនបានទៅធ្វើការងារទេ ព្រោះខាងក្រុមហ៊ុនមិនបើកប្រាក់ឈ្នួលឲ្យ ទើបនាំគ្នាសម្រាកនៅបន្ទប់ជួលរៀងខ្លួន ហើយក៏ឃើញជនរងគ្រោះជាប្អូនបានតរាយខ្សែភ្លើងចេញពីបន្ទប់ ប្រវែងជិត១០០ម៉ែត្រ ទៅឆក់ត្រីម្នាក់ឯង នៅត្រពាំងទឹកខាងក្រោយផ្ទះជួល។ លុះដល់វេលាម៉ោង៩ព្រឹក បាត់មិនឃើញជនរងគ្រោះឡើងមកវិញ ក៏ដើរទៅអើតមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកដួលក្នុងទឹកបាត់ទៅហើយ ទើបផ្អើលឆោឡោ នាំគ្នាស្រង់ឡើងគោក តែស្លាប់បាត់ទៅហើយ ដោយមិនអស់ចិត្ត ដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យរុស្ស៊ី ត្រូវគ្រូពេទ្យបញ្ជាក់ប្រាប់ថា ស្លាប់បាត់ហើយ រួចតម្កល់ទុកនៅមន្ទីរពេទ្យ រង់ចាំសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យ រួចបន្តដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។
អាជ្ញាធរបានឲ្យដឹងថា កន្លងមកជនរងគ្រោះតែងតែតខ្សែភ្លើងឆក់ត្រី ហើយក៏ធ្លាប់បានហាមប្រាមផងដែរថាអាចប្រឈមគ្រោះថ្នាក់ខ្លាំងស្រាប់តែលើកនេះ ជនរងគ្រោះឆក់ត្រីទៀត ភ្លាត់ស្នៀតបានឆក់ខ្លួនឯងស្លាប់ទៅវិញ៕