
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចសហការគ្នា ស្រាវជ្រាវបុកចូលបង្ក្រាបបានជនសង្ស័យចំនួន ៥នាក់ នៅចំណុចផ្ទះជួលមួយកន្លែដែលជនសង្ស័យទាំងនេះសម្ងំលាក់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ រួចរត់ទៅសម្ងំលាក់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ គឺធ្វើឡើងកាលពីវេលាម៉ោង ជាង១១ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ នៅចំណុចបន្ទប់ជួល ក្នុងភូមិសាស្ត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដែលប្រតិបត្តិការនេះ ដឹកនាំកម្លាំងដោយ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការគ្នាជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ក្រោយបទបញ្ជាពីថ្នាក់លើ ឲ្យបើកការស្រាវជ្រាវ បង្ក្រាបមុខសញ្ញាឆក់យ៉ាងសកម្មទាំងនេះ ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យ ដែលឃាត់ខ្លួនបានទាំងអស់៥នាក់ ដែលជាក្រុមចោរឆក់យ៉ាងសកម្ម ធ្លាប់បានធ្វើសកម្មភាពជាច្រើនលើក ក្នុងរាជធានីភ្នំពេញ ដោយមានទាំងអ្នកឆក់ និងអ្នកចាំបិទគូទថែមទៀត។
សមត្ថកិច្ចធ្វើការដកហូរបានម៉ូតូ២គ្រឿង បញ្ជូនទៅកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕