
ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយនឹងលោកប៉ាង លីដាអភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យទីតាំង អាជីវកម្ម ម៉ាស្សា យីហោ «ជីន លីហ័រ» ដោយសង្ស័យថា ទីតាំងនេះ មានបង្កប់សេវាកម្មបម្រើផ្លូវភេទ។
ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង សណ្ឋាគារ យីហោ ម៉ាន់ សឺគ័ង ដែលមានទីតាំងតាមបណ្តោយ ផ្លូវ១១១ ស្ថិតក្នុង ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា សម្រាប់មូលដ្ឋានខណ្ឌពោធិ៍សែនជ័យរបស់លោក តែងតែយកចិត្តទុកដាក់ និងអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដូច្នេះហើយក្រោយទទួលបាន ព័ត៌មាន លើបណ្តាញសង្គមហ្វេសប៊ុក។
លោកក៍បានដឹកនាំកម្លាំងជំនាញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពជាក់ស្ដែង ទីតាំងអាជីវកម្ម ម៉ាស្សា យីហោ «ជីន លីហ័រ» ជាលទ្ធផល ពិនិត្យឃើញថា គឺផុតសុពលភាពច្បាប់អនុញ្ញាតធ្វើអាជីវកម្ម ក៏ប៉ុន្តែរកមិនឃើញវត្ថុតាងពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ នោះទេ។ ដោយឡែក សណ្ឋាគារ ម៉ាន់ សឺគ័ង ក៍ផុតសុពលភាពច្បាប់ អនុញ្ញាត ធ្វើអាជីវកម្មដូចគ្នាផងដែរ។
សូមបញ្ជាក់ផងដែរថាក្នុងការត្រួតពិនិត្យឆែកឆេរតាមបន្ទប់ រកឃើញ មានឧបករណ៍ ពាក់ព័ន្ធនឹង ល្បែងស៊ីសង ហើយក៍ត្រូវបានរឹបអូសយកមករក្សាទុកនៅសាលាខណ្ឌ។
លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់បន្ថែមថា ដោយមានការឯកភាពពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមអាជ្ញាធរខណ្ឌ បានសម្រេចបិទអាជីវកម្ម ទាំង២ទីតាំងខាងលើ ជាបណ្ដោះអាសន្នសិន។
សូមជម្រាបថា ការចុះពិនិត្យ និងផ្អាកអាជីវកម្ម ម៉ាស្សា យីហោ «ជីន លីហ័រ» និង សណ្ឋាគារ ម៉ាន់ សឺគ័ង ក្រោយឃើញ វីដេអូ ដែលគេចែកចាយតាមបណ្ដាញសង្គម Facebook ហើយត្រូវបានគេសង្ស័យថា ទីតាំងខាងនេះ មានបង្កប់សេវាបម្រើផ្លូវភេទ៕