
ភ្នំពេញ ៖ បុរស២នាក់ស្លា.ប់ និងស្ត្រី២នាក់ទៀតសន្លប់ ក្នុងរថយន្តកំពុងបញ្ឆេះទុកចោលនៅក្នុងផ្ទះ កាលពីវេលាម៉ោង០៥និង៣០នាទី ល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ។
ហេតុការនេះ កើតឡើងនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ជើងឯក ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពបុរសពីនាក់នោះគឺស្លាប់ដោយសារគាំងបេះដូង សង្ស័យបណ្ដាលមកពីប្រើប្រាស់សារធាតុញៀនលើសកម្រិត ចំណែកសពបុរសទាំង២នាក់ គឺ អវិជ្ជមានជំងឺកូវីដ-១៩ ។
បើតាមលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ដែលស្លា.ប់ក្នុងរថយន្ត មានចំនួន០២នាក់ រួមមាន ៖
ទី១- ឈ្មោះ ចំរើន ឆៃយ៉ា ហៅដូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅផ្ទះកន្លែងកើតហេតុ ។
និងទី២- ឈ្មោះ ឡូវ ឆាយហុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦១ ផ្លូវបេតុង ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ អ្នកជិតខាងឆ្ងល់ថា ហេតុអ្វីជនរងគ្រោះ បញ្ឆេះរថយន្តចោលយូរម្ល៉េះ ហៅមិនឆ្លើយរួច ក៏បានទូរសព្ទប្រាប់ ស្ត្រីជាម្ដាយជនរងគ្រោះ (ចំរើន ឆៃយ៉ា ហៅដូច) ឲ្យមកមើល ។ នៅពេលម្ដាយមកដល់ ក៏បានចាក់សោទ្វារផ្ទះ ចូលមើល ស្រាប់តែឃើញកូនប្រុសរបស់គាត់ (ចំរើន ឆៃយ៉ា) បានស្លាប់ក្នងរថយន្ត ម៉ាកហាយឡេនឌ័រ ស្លាកលេខ ភ្នំពេញ 2AM-2178 ព៌ណទឹកប្រាក់ ជាមួយបុរសម្នាក់ទៀត (ឡូវ ឆាយហុង) ស្លាប់ជិតគ្នានៅកៅអីខាងក្រោយ និងមាននារី ០២នាក់ទៀត សន្លប់ស្ដូកស្ដឹង ក៏បានហៅគ្នីគ្នា យកនារី ២នាក់ ដែលសន្លប់យកទៅ សង្គ្រោះនៅមន្ទីពេទ្យតែម្ដង ។
តាមការសន្និដ្ឋាន តាមរយៈការពិនិត្យ និងវិភាគជុំវិញកន្លែងកើតហេតុ និងការធ្វើកោសល្យវិច័យសព របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះទាំងពីរនាក់ ស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀន មេតំហ្វេតាមីន និងអំហ្វេតាមីន លើសកម្រិត។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ២នាក់ ត្រូវជាប្ដីប្រពន្ធនិងគ្នា ដោយប្ដីមានឈ្មោះ ចំរើន ឆៃយ៉ា អាយុ២៧ឆ្នាំ មុខរបររត់តាក់ស៊ី (ស្លាប់) និងប្រពន្ធរងរបួស ។
ចំណែក ២នាក់ទៀត ត្រូវជាមិត្តភក្ដិគ្នា ខាងបុរស(ស្លាប់) ចំណែកស្ត្រីរងរបួស ត្រូវបានអ្នកជិតខាង បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។
បើតាមស្ត្រីជាម្ដាយរបស់ជនរងគ្រោះ ដែលជាអ្នករត់តាក់ស៊ី បាននិយាយប្រាប់សមត្ថកិច្ចថា គាត់អត់បានដឹងថា កូនមានរឿងអ្វី ទើបស្លាប់ និងរបួសបែបនេះទេ ព្រោះគាត់អត់បាននៅជាមួយកូនទេ ដោយគាត់រស់នៅកន្លែងផ្សេង គឺនៅឯខណ្ឌទួលគោកឯណោះ ។
ប៉ុន្តែត្រូវបានអ្នកជិតខាងរបស់កូន ខលប្រាប់ថា កូនស្លាប់ ហើយគាត់ក៏ប្រញាប់ប្រញាល់ ធ្វើដំណើរទៅមើល និងបានឃើញរថយន្ត នៅក្នុងផ្ទះ(បញ្ឆេះចោល) ពេលបើកទ្វាររថយន្ត មើលឃើញកូនប្រុស និងមិត្តភក្ដិប្រុសម្នាក់ទៀតស្លាប់ មានសភាពរឹងបាត់ទៅហើយ រីឯកូនប្រសារ និងស្ត្រីម្នាក់ទៀតសន្លប់ស្ដូកស្ដឹង ។
ដោយឡែក អ្នកជិតខាង បាននិយាយថា នៅមុនពេលមានការភ្ញាក់ផ្អើល គេមានការងឿងឆ្ងល់ ដោយសារតែឮសូររថយន្តស្ថិតនៅក្នុងផ្ទះទៅហើយ បែរជាបញ្ឆេះម៉ាស៊ីនចោលរាប់ម៉ោង មិនព្រមពន្លត់ទេ ហើយក៏បាននាំគ្នាទៅមើល ស្រាប់តែឃើញមានអ្នកស្លាប់ និងសន្លប់ នៅក្នុងនោះបាត់ទៅហើយ ។
មិនតែប៉ុណ្ណោះ ពុំដឹងថា ជនរងគ្រោះទាំង៤នាក់នេះ មានរឿងអ្វីកើតឡើងទេ ហើយនៅមុខផ្ទះកើតហេតុនោះ ក៏មានរថយន្តម៉ាកតូយ៉ូតា ព្រូស១គ្រឿង ស្ថិតនៅទីនោះដែរ ស្លាកលេខ ភ្នំពេញ 2BF-8087៕