
បាត់ដំបង ៖ ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងងាប់គោមួយក្បាល បែកសាច់ខ្ទេច ពេលដែលក្មេងប្រុសរងគ្រោះ ដើរឃ្វាលលគោត្រឡប់មកផ្ទះវិញ ស្រាប់តែជាន់ចំគ្រាប់ មីនតោន បណ្តាលអោយផ្ទុះផ្អើលភូមិ ។
កាលពីល្ងាចថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២២នេះ នៅក្បែរវត្តស្លាក ស្ថិតនៅឃុំឆ្នាស់មាន់ ស្រុកគាល់ក្រឡ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ សឿន វ៉ាន់ស៊ីង អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ កើតហេតុ។
មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានដើរឃ្វាលគោលហ្វូងសត្វគោទាំងអស់ ដើម្បីត្រឡប់មកផ្ទះវិញ ពេលនោះ សត្វគោមួយក្បាល បានដើរជាន់គ្រាប់មីន បណ្តាលឱ្យផ្ទុះឡើង បណ្ដាលឲ្យក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងងាប់គោមួយក្បាល ។
ចំណែកសពក្មេងប្រុសរងគ្រោះត្រូវបានឪពុកម្តាយយកមកធ្វើបុណ្យតាមប្រពៃណី។
ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានសរសេរនៅលើផេកហ្វេសប៊ុករបស់លោកថា សូមចូលរួមសោកស្តាយ និងមរណទុក្ខជាមួយគ្រួសារសពផង។
នេះជាមរតកនៃសង្គ្រាម ដែលប្រជាពលរដ្ឋកម្ពុជាកំពុងឆ្លងកាត់ជាមួយសំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាមជាច្រើនទៀត ដែលស្ថិតនៅក្នុងទឹកដីសុវណ្ណភូមិ និងបន្តគំរាមកំហែងដល់សេចក្តីសុខសុវត្ថិភាពប្រជាជនកម្ពុជាឥតស្រាកស្រានឡើយ ទោះបីសង្គ្រាមត្រូវបានបញ្ចប់ជាង២០ឆ្នាំមកហើយក៏ដោយចុះ។
យោងតាមឯកសារផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ របស់អាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា នៅកម្ពុជាអាចមានផ្ទៃដីដែលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជិត២ ០០០គីឡូម៉ែត្រការ៉េ (១ ៩៧០គីឡូម៉ែត្រការ៉េ) ក្នុងនោះ ជិត១ ០០០ គីឡូម៉ែត្រការ៉េ (៨៧៧គីឡូម៉ែត្រការ៉េ) ជាដីមានផលប៉ះពាល់ខ្ពស់ ដោយសារមីន។
ចំណែកផ្ទៃដីជិត៥០០គីឡូម៉ែត្រការ៉េទៀត (៤៩៩គីឡូម៉ែត្រការ៉េ) ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម៕