
បន្ទាយមានជ័យ ៖ រថយន្តដឹកទឹកកក បុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ចំណែកអ្នកបើករថយន្តដឹកទឹកកក បានរត់បាត់ស្រមោល ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០២២ លើផ្លូវជាតិលេខ៥ ខាងកើតផ្លូវចូល អាងអូរខៃដន ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថាៈ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហា អិចស៊ីតទ័រ (Yamaha Excitor) ពណ៌សខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ)។
បើកម៉ូតូមកពីទិសខាង កើត ទៅខាងលិច លុះមកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែង ចំពេលមានរថយន្តដឹកទឹកកក ពណ៌ស យីហោ សេះហោះ មានជ័យ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A- 1713 បើកបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន ក៏បុកជាមួយម៉ូតូនោះពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង ។
នគរបាលចរាចរណ៍ បានបន្តថាៈ សពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅវត្តរតនៈនិមិត្តកូនដំរី រង់ចាំរកក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តយកទៅ រក្សាទុកបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវ រកអ្នកបើកបរផងដែរ៕