
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាគណៈអធិបតីពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនារី អបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ និងប្រគល់វិញ្ញាបនបត្រដល់អាជ្ញាកណ្តាល និងចៅក្រមបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន (គ ឬ C) នៅកីឡដ្ឋានព្រីនស៍ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនេះ មានការអញ្ជើញចូលរួមពីក្លិប ចំនួន ៤ រួមមាន ៖ ក្លិបកីឡាបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ។
សូមបញ្ជាក់ដែរថា ជាលទ្ធផលក្រោយពីបញ្ចប់ការប្រកួតរយៈពេល ១ថ្ងៃ ជ័យលាភីលេខ១ បានទៅលើក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ លេខ២ បានទៅលើក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លេខ៣ បានទៅលើក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង និងលេខ៤ បានទៅលើក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ។
សម្រាប់ប្រាក់រង្វាន់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនារី អបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា លេខ១ ទទួលបានទឹកប្រាក់ ចំនួន ២ ៨០០ ០០០រៀល លេខ២ ទទួលបានទឹកប្រាក់ ចំនួន ២ ០០០ ០០០រៀល លេខ៣ ទទួលបានទឹកប្រាក់ ចំនួន ១ ៦០០ ០០០រៀល និងលេខ៤ ទទួលបានទឹកប្រាក់ ចំនួន ១ ២០០ ០០០រៀល៕