
ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿងបើកលឿនដូចហោះបុករថយន្ត toyota prius កំពុងឆ្លងផ្លូវ ចំពីហៀងអូសជាច្រើនម៉ែត្របណ្ដាលឲ្យនារីម្នាក់គៀបជាប់ក្នុងរថយន្តរងរបួសធ្ងន់ចំណែកបុរសជាតែកុងរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ០៧ខែមីនាឆ្នាំ ២០២២ នៅត្រង់ចំណុចស្ទុប ៩២ តាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវ៩២ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់និងនារីម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BI- 8643ធ្វើដំណើរតាមបណ្ដោយផ្លូវ៩២ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តកូរ៉េឃ្លប់មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ3F-8568ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្ត priusពីចំហៀងផ្នែកខាងស្តាំ ពេញទំហឹងអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យនារីម្នាក់គៀបជាប់និងរថយន្តរងរបួសធ្ងន់ ។
ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុនាំគ្នាជួយគាស់យកជនរងគ្រោះចេញរួចបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកបុរសជាតៃកុងរងរបួសស្រាល។
ចំំណែកតៃកុងរថយន្តកូរ៉េវិញ ឃើញសភាពមិនស្រួលបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលឈឹង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕