ភ្នាក់ងារសណ្ដាប់ធ្នាប់ សហការជាមួយភ្នាក់ងារទេសចរណ៍ ក្នុងការដាំបង្គោលសងខាងផ្លូវការពារការចតយានយន្តគ្រប់ប្រភេទនៅក្បែរខ្លោងទ្វារជ័យ។
ក្នុងនោះ ក្រុមការងារបានដាំបង្គោលបានចំនួនដាំ៤៦បង្គោល ហើយនិងបន្តដាំចំនួន២៥បង្គោលនៅសងខាងបន្ថែមទៀត រក្សាបាននូវសណ្តាប់ធ្នាប់ល្អ មានរបៀបរៀបរយ រួមទាំងលើកកម្ពស់បរិស្ថានបរិវេណខ្លោងទ្វារជ័យដែលជាច្រកចេញចូលសំខាន់របស់ក្រុងអង្គរធំ និងផ្លូវវង់តូចឱ្យកាន់តែល្អប្រសើរ។
អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ទៅលើសណ្តាប់ធ្នាប់ សោភ័ណភាព រួមទាំងសុវត្ថិភាពចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។ សូមភ្ញៀវទេសចរដែលបានមកទស្សនាចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គររបស់យើង។
គួរបញ្ជាក់ថា ទ្វារជ័យគឺជាទ្វារមួយ ក្នុងចំណោមខ្លោងទ្វារទាំង ៥ នៃរាជធានីអង្គរធំរបស់ព្រះបាទជ័យវរ្ម័នទី ៧ ដែលក្នុងនោះរួមមាន នៅខាងកើតគឺទ្វារជ័យ និងទ្វារខ្មោច, នៅខាងលិចគឺទ្វារតាកាវ នៅខាងជើងគឺទ្វារដីឆ្នាំង និងនៅត្បូងគឺខ្មោងទ្វារទន្លេអុំ៕