
តាកែវ ៖ កម្មការិនីរោងចក្រម្នាក់ បានស្លាប់ភ្លាមៗ និងមនុស្សក្មេងចាស់ចំនួន០៤នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរជិះទាក់ដៃចង្កូតគ្នា ដួល ត្រូវរថយន្តសណ្តោងរ៉ឺម៉ក់មកពីក្រោយ កិន នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៧០-៧១ ក្នុងភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថាករណីខាងលើនេះនេះគឺកើតឡើងរវាងម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 1P-1125 បើកបរដោយឈ្មោះ រ៉ន រ៉ា ភេទស្រី អាយុ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ នៅភូមិក្រាំងក្រូច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ស្លា.ប់)
មានអ្នកជិះពីក្រោយចំនួន២នាក់៖
១.ឈ្មោះ រ៉ន សារ៉ាត់ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិត នៅភូមិឃុំ ជាមួយគ្នា (របួសធ្ងន់)
២.ឈ្មោះ រតនា នីកា ភេទស្រី អាយុ៤ឆ្នាំ នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់)
ដែលបើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចកើតហេតុបាន វ៉ាជែងស្រាប់តែទាក់ដៃចង្កូតគ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Z-3198 បណ្តាលឲ្យដួល
ដែលបើកបរដោយឈ្មោះ អួន សុគា ភេទស្រី អាយុ២០ឆ្នាំ មុខរបរកសិករ នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ (របួសស្រាល) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ សន សុភាព អាយុ៤៦ឆ្នាំ មុខរបរកសិករ នៅភូមិឃុំជាមួយគ្នា (របួសស្រាល) ដែលបើកបរមកពីទិសខាងជើង។
ក្រោយពេលគ្រោះថ្នាក់ក៏មានរថយន្តមួយគ្រឿងទៀតមកពីក្រោយបានកិនអូសម៉ូតូប៊ីតខាងលើបណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗតែម្តង ដែលរថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទក្បាលសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ 3E-8593 មានសណ្តោងរ៉ឺម៉កពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 4A-6797 ( អ្នកបើកបរគេចខ្លួនបាត់ ) ដែលកំពុងបើកបរមកពីទិសខាងជើង។
អ្នករបួសទាំងអស់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។
កម្លាំងជំនាញបានចុះទៅធ្វើការត្រួតពិនិត្យនិងវាស់វែងដើម្បីដោះស្រាយតាមនីតិវិធី និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯវត្ថុតាងម៉ូតូសង់និងរថយន្តខាងលើរងការខូចខាត ស្រាល និងម៉ូតូប៊ីតខូចខាតធ្ងន់ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕