
កោះកុង ៖ ភ្លើងប្រចណ្ឌធ្វើឲ្យបុរសជាប្ដីវាយសម្លាប់ប្រពន្ធខ្លួនឯងស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ហលើយបុរសជនដៃដល់ត្រូវជាប្ដីរបស់ជនរងគ្រោះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ ។
ករណីហិង្សា ប្តីវាយប្រពន្ធបណ្ដាលឲ្យស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ង សុភ័ស ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង(ត្រូវជាប្រពន្ធ)។
ចំណែកជនដៃដល់ឈ្មោះ ឈឺន សុងកាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ទីលំនៅ នៅជាមួយគ្នា(ត្រូវជាប្តី)។
សមត្ថកិច្ចបានបន្ថែមទៀតថា មូលហេតុដែលនាំឲ្យឈានដល់ការវាយសម្លាប់នេះ គឺកើតចេញពីការប្រចណ្ឌ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះ បន្ទាប់សមត្ថកិច្ចពិនិត្យ និងធ្វើកំណត់ហេតុរួចរាល់ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕