
ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឃាត់ខ្លួនកេ្មងទំនើង ប្រុសស្រី ពីរក្រុម មានចំនួន ១៨ នាក់ ដែលមាន រហស្សនាម ៧៩ និង ៩៨ small បានដេញវ៉ៃគ្នា បង្កភាពអសន្តិសុខ ក្នុងបរិវេណ ទីក្រុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅវេលាម៉ោងជាង ៩ យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ៈ នៅមុនពេលឃាត់ខ្លួន ក្រុមក្មេងទំនើងទាំងពីរក្រុមនេះ គឺកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានល្បាតក្នុងបរិវេណកោះពេជ្រ ដើម្បីការពារសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកលេងក្នុងបរិវេណក្រុងនេះ។
ភ្លាមៗនោះ ស្រាប់តែឃើញក្រុមក្មេងស្ទាវ ពីរក្រុម មានគ្នាជាង ២០ នាក់ បានដេញវៃ៉គ្នា នៅម្ដុំដើមឫស្សី។ ពេលនោះ កម្លាំងនគរបាល ដែលកំពុងតែជិះម៉ូតូល្បាត បានដេញឃាត់ក្រុមក្មេងស្ទាវ បានចំនួន ១៨ នាក់ ក្នុងនោះ មានស្រីម្នាក់ និងដកហូតម៉ូតូ ចំនួន ៨ គ្រឿង។
ក្នុងហេតុការណ៏ក្មេងទំនើង ២ក្រុមដៃវ៉ៃគ្នានេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសឡើយ។
បច្ចុប្បន្ន ក្រុមក្មេងស្ទាវទាំងពីរក្រុម រួមទាំងម៉ូតូ ៨ គ្រឿង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដើម្បីចាត់ការ តាមនីតិវិធី៕