
ភ្នំពេញ៖ មនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់ ក្នុងនោះមានដូនជីម្នាក់រងរបួសធ្ងន់ធ្ងរជាងគេ សង្ឃឹមតិចតួចណាស់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីមជិះគ្នា២នាក់ (យាយនិងចៅ) បុកជាមួយម៉ូតូកង់បីប្ដីប្រពន្ធ២នាក់ ដឹកនំយកទៅលក់ បើកលើផ្លូវបញ្ច្រាស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃក«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង៤នាក់រួមមាន ៖
ភាគីខាងកង់បី ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-1283 បើកបរដោយឈ្មោះ មាំង ថៃ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរលក់នំ ប្រពន្ធឈ្មោះ ស្រេង គឹមសាន អាយុ៦៨ឆ្នាំ មុខរបរលក់នំ តាមមុខរោងចក្រ មានទីលំនៅ ក្នុងភូមិកើតហេតុ រងរបួសធ្ងន់ទាំង២នាក់យាយតា ។
ចំណែកភាគីម៉ូតូហុងដាឌ្រីម សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នពេញ 1FQ-9901 បើកដោយចៅប្រុសឈ្មោះ ប៉ាន់ ផានិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ សិស្សសាលាអាសុីអឺរ៉ុប ឌុបជីដូនឈ្មោះ សោ ហែម អាយុ៦៦ឆ្នាំ ជាដូនជី ទាំង២នាក់យាយចៅរងរបួសធ្ងន់មានទីលំនៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់យាយចៅ ជិះម៉ូតូពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូកង់បី ២នាក់តាយាយ ដែលបើកពីជើងទៅត្បូង តែនៅលើផ្លូវបញ្ច្រាស ដើម្បីដឹកនំយកទៅលក់នៅមុខរោងចក្រ បណ្តាលឲ្យបោកផ្ទប់គ្នា ធ្លាក់ដេកដួលនឹងដីទាំងអស់គ្នា រងរបួសធ្ងន់ ក្នុងនោះមានដូនជីម្នាក់របួសធ្ងន់ជាងគេ សង្ឃឹមតិចតួចណាស់ ។
ក្រោយកើតហេតុ ជនរងគ្រោះ២នាក់យាយចៅ ត្រូវបានរថយន្តគ្លីនិកឯកជននៅកំបូលដឹកយកទៅ ចំណែកជនរងគ្រោះ ២នាក់យាយតា ត្រូវបានរថយន្តគ្លីនិកឯកជនមុខព្រលានយន្តហោះដឹកយកទៅសង្គ្រោះផងដែរ។ ចំណែកម៉ូតូនិងកង់បីក្រោយ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យរួចប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុក រង់ចាំការដោះស្រាយពេលក្រោយ ៕