
ភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿងបើកក្នុងល្បឿនលឿនគួរសម ពេលទៅដល់ត្រង់ចំណុចភ្លើងស្តុប ស្រាប់តែជាន់ហ្វ្រាំងអត់ស៊ី ដោយខ្លាចបុក និងកិនអ្នកដំណើរព្រមទាំងយានយន្តដែលកំពុងឈប់ចាំភ្លើងស្តុបរានៅខាងមុខ អ្នកបើករថយន្តដឹកដីសម្រេចចិត្តកាច់ចង្កូតគេចឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ទាំងកម្រោល ហើយរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អដែរលមិនបណ្ដាលឲ្យមានអ្នករងរបួស ឬស្លាប់ឡើយ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥៥នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបែនដឹកដីខាងលើពាក់ស្លាកលេខចង្កូតស្ដាំ KPS-2198 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនគួរសម ។
លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែចំណុចភ្លើងស្តុប និងមានអ្នកដំណើរ ហើយយានយន្តកំពុងឈប់នៅទីនោះច្រើនផងនោះ អ្នកបើកបរបានជាន់ហ្វ្រាំងឈប់ តែហ្វ្រាំងអត់ស៊ី សង្ស័យមកពីបែកទុយោខ្យល់ជាន់ហ្វ្រាំង។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះទើបអ្នកបើកបរសម្រេចចិត្តកាច់ចង្កូតគេចចេញឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុនគរបាលប៉ុស្តិ៍ប្រទះឡាង និងនគរបាលចរាចរណ៍ខណ្ឌកំបូលបានចុះទៅធ្វើការវាស់វែង និងនាំយករថយន្តទៅរក្សាទុកបរង់ចាំការដោះស្រាយ ព្រោះបណ្ដាលឲ្យរងការខូចខាតសួនច្បារពុះចែកទ្រូងផ្លូវដែលជាសម្បត្តិរដ្ឋផងដែរ៕