
កំពត៖ មនុស្ស ២នាក់បានស្លាប់ និង ៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តកាមរីបាឡែនពណ៌ស ១គ្រឿង បុករះម៉ូតូ ២គ្រឿង និងរថយន្តប៉ូលីស ១គ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២ ត្រង់ចំណុចផ្លូវចាក់បេតុងថ្មី ឆ្ពោះទៅវត្តភ្នំស ស្ថិតក្នុងភូមិកំពង់ត្រាចទី ១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រភពដដែល បានបញ្ជាក់ទៀតថា ជនរងគ្រោះ ដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ខាងលើ រួមមាន៖
១.ឈ្មោះ គាន់ យ៉ាន ភេទស្រី អាយុប្រហែលជាង ៣០ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
២. ឈ្មោះ រ៉ន ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ (ស្លាប់) មានទីលំនៅភូមិកំពង់ត្រាចទី ១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ចំណែកអ្នករងរបួសធ្ងន់ស្រាល មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ខណៈសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យបង្អែកស្រុក។ ដោយឡែក អ្នកបើកបររថយន្តបង្ក ត្រូវបានអ្នកភូមិអះអាងថា ជាមនុស្សសតិមិនគ្រប់ ដោយខណៈជននេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានហើយ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកដឹកបញ្ជូន ទៅឲ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕