
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ “ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និងសម្ពោធទីលានប៊ូល និងប៉េតង់ ១ទីលាន ស្មើនឹង ៦តារាង” នៅទីលានប៊ូល និងប៉េតង់ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។
គួររំលឹកថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កកើតតាំងពីឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើមរបស់សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និងសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស រួមនឹងសហស្ថាបនិកដទៃទៀត ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៣០ឆ្នាំ កីឡាប៊ូល និងប៉េតង់កម្ពុជា បានយកឈ្នះមេដាយលើឆាកអន្តរជាតិ សរុបចំនួន ៣៧០គ្រឿង ដែលក្នុងនោះមេដាយមាស ចំនួន ១០៨គ្រឿង មេដាយប្រាក់ ចំនួន ១៣១គ្រឿង និងមេដាយសំរឹទ្ធ ចំនួន ១៣១គ្រឿង៕