
ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកទូរស័ព្ទអាយហ្វូន១២proទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតតាមវិថីព្រះមុនី្នរ៉េត ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ។
ស្ត្រីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ និយាយថា រូបនាងជិះម៉ូតូស្គូពី ពណ៌ក្រហម ចេញពីធ្វើការនៅម្ដុំទួលគោក ក្នុងដំណើរត្រឡប់ទៅផ្ទះវិញនៅម្ដុំបុរី លឹម ឈាងហាក់ ចម្ការដូង ដោយធ្វើដំណើរតាមវិថីព្រះមុនី្នរ៉េតពីខាងកើតទៅខាងលិច ។
លុះទៅដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង មិនចាំម៉ាក មានគ្នា៤នាក់ ហើយជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាងដែលទុកនៅឃ្លុបម៉ូតូខាងមុខ រួចហើយក៏ជិះម៉ូតូបត់ស្តាំឡើងទៅផ្លូវលេខ២៧១ ។
ស្របពេលនោះ នាងបានបើកម៉ូតូដេញតាមនិងស្រែកថាចោរៗបានប្រហែល៥០០ម៉ែត្រ ស្រាប់តែបក្ខពួកជនសង្ស័យជិះម៉ូតូមកពីក្រោយ ហើយលូដៃកាច់សោម៉ូតូរបស់នាង់ពន្លត់ រួចយកកូនសោបោះចោលទៅកណ្ដាលផ្លូវថែមទៀត ។
ក្រោយពេលកើតហេតុ នាងបានទៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដើម្បីឱ្យសមត្ថកិច្ចជួយជូននាងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ខណ្ឌទួលគោក ជួយស្រាវជ្រាវចាប់ជនសង្ស័យយកមកចាត់ការតាមនីតិវិធី ៕