
កណ្តាល៖ បុរសពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរសពីរនាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួមគ្រោះថ្នាក់ចរាចរណ៏ម៉ូតូធុនធំបុកជាមួយម៉ូតូហុងដាឌ្រីមពេញទំហឹងក្នុងទិសដៅបញ្ច្រាស់គ្នា ហើយត្រូវរថយន្តកុងតឺន័រមកកិនបន្ថែមទៀត កាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1X 4430 ជិះដោយបុរសពីរនាក់តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបានបុកគ្នាជាមួយម៉ូតូធុនធំមួយគ្រឿងម៉ាក YAMAHA R6 ពណ៌ខៀវ គ្មានស្លាកលេខ ជិះដោយបុរស២នាក់ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿន បណ្ដាលឲ្យម៉ូតូធុនធំដាច់ជាពីរ និងម៉ូតូហុងដាឌ្រីមខ្ទេចខាងមុខ។
ភ្លាមនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងបើកមកកិនពីលើជនរងគ្រោះថែមទៀតបណ្ដាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្តបានបើកបន្តទៅមុខទៀតបាត់ស្រមោល។ ដោយនៅសល់ បុរសពីរនាក់ស្លាប់នៅនឹងកន្លែង និងបុរសពីរនាក់ទៀតរងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានិងសមត្ថកិច្ចជំនាញ ចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយគ្នាតាមក្រោយ។ ដោយឡែកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើកត់កំណត់ហេតុហើយប្រគល់ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕