
ភ្នំពេញ៖ បុរសម្នាក់ចេញពីធ្វើការ ជិះម៉ូតូត្រលប់ទៅផ្ទះវិញ មានមួកសុវត្ថិភាពដែរតែមិនព្រមពាក់ ពេលឃើញសមត្ថកិច្ចចរាចរណ៍ឈរយាមតាមផ្លូវ ស្មានតែកំពុងអនុវត្តន៍អនុវត្តច្បាប់ចរាចរណ៍ ក៏បន្ថែមល្បឿន ជិះគេចបញ្ច្រាសទិសដៅចរាចរណ៍ ហើយត្រូវម៉ូតូមួយគ្រឿងទៀត បុកពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ បែកមុខ បែកមាត់ សន្លប់មួយសន្ទុះធំ និងខូចខាតទាំងម៉ូតូសង្ខាង។
ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១២ និង ១៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅរង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ គល់ស្ពានជ្រោយចង្វារ។
យុវជនរូបនោះជិះម៉ូតូ ម៉ាក កូនទា ពណ៌ផ្កាឈូក ពាក់ស្លាក ភ្នំពេញ 1IB-0372 មានមួកសុវត្ថិភាពដែរតែមិនពាក់ គឺទុកក្នុងកែបម៉ូតូសុខចិត្តជិះគេចប៉ូលិស ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ខណៈធ្វើដំណើរមកដល់ជិតរង្វង់គួចកាណុង ក៏ក្រឡេកឃើញសមត្ថកិច្ចចរាចរណ៍ កំពុងឈរការពារក្បួន ស្មានតែសមត្ថកិច្ច កំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ ផាកពិន័យ ក៏ព្យាយាមបន្ថែមល្បឿន បើកគេចខ្លួន វាងតាមរង្វង់មូលគួចកាណុង ទាំងបញ្ច្រាសទិសដៅចរាចរណ៍។
ភ្លាមៗនោះ ក៏មានយុវជនម្នាក់ទៀត ជិះម៉ូតូម៉ាក MSX ពណ៌ត្រួយចេក ពាក់ស្លាកលេខ រតនគិរី 1E-6061 ធ្វើដំណើរស្របទិសដៅមកក្នុងល្បឿនលឿន បុកផ្ទប់ម៉ូតូកូនទា ពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យយុវជនទាំងពីរ របួសបែកមុខ បែកមាត់ សន្លប់មួយសន្ទុះ ចំណែកម៉ូតូខូចទាំងសង្ខាង។
បន្ទាប់ពីកើតហេតុ ភាគីទាំងពីរ បានហៅតំណាងរៀងឍៗខ្លួន មកចរចាគ្នា ដោយភាគីខាងម៉ូតូ ម៉ាកកូនទា ធ្វើដំណើរបញ្ច្រាសទិសដៅចរាចរណ៍ ជាអ្នកខុស ក៏បានសងសំណង និងចេញថ្លៃខូចខាតម៉ូតូ ទៅអោយភាគីខាងម៉ូតូ ម៉ាក MSX ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ។