
ភ្នំពេញ ៖ ពិតជាសង្វេគណាស់ នារីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តដឹកឥដ្ឋ បើកបុកពីក្រោយម៉ូតូហើយកិនដាច់ខ្លួនជាពីរខ្ទេចវល់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៣០ នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវ ៣០ ម៉ែត្រ ទល់មុខផ្សារឡាក់គី ក្នុងភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ លាង ពេជ្ររស្មី អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកផ្សារឡាក់គី មានទីលំនៅភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌគោលគោក បានស្លាប់ ក្នុងសភាពបែកខ្ទេច ។ ជនរងគ្រោះ ជិះម៉ូតូ ម៉ាក Honda ZOOMER X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-3065 ជាមធ្យោបាយ ។ ចំណែកភាគីខាងរថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-3531ដឹកឥដ្ឋ អ្នកបើកបរបានគេចខ្លួនបាត់ស្រមោល សល់តែកម្មករ លើកឥដ្ឋចំនួនបីនាក់ ប្រុសមួយនាក់ ស្រីពីរនាក់ ។
តាមប្រភពនៅកន្លែង បានឲ្យដឹងថាៈ មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូចេញពីផ្ទះ ឆ្ពោះទៅកន្លែងធ្វើការ តាមផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ដល់កន្លែងកើតហេតុ បត់ឆ្លងផ្លូវ ត្រឡប់ក្រោយវិញ ដើម្បីចូលកន្លែងធ្វើការ គ្រាន់តែឆ្លងផុត ចូលចំណែកផ្លូវម្ខាងហើយ ពីខាងជើង ទៅខាងត្បូង ស្រាប់តែរថយន្តបង្កដឹកឥដ្ឋ បើកពីខាងជើង ទៅខាងត្បូង ក្នុងល្បឿនលឿន បុកពីក្រោយម៉ូតូជនរងគ្រោះដួល ហើយកិនស្លាប់ភ្លាមៗតែម្តង ហើយរថយន្តមិនបានឈប់ទេ ដោយបើកបន្តទៅមុខបានជាង ២០០ ម៉ែត្រ ទើបឈប់ស្ងៀហើយអ្នកបើកបរ ចុះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ច ចុះទៅអន្តរាគមន៍ ពិនិត្យជាក់ស្តែង រួចប្រគល់សព ជូនក្រុមគ្រួសារចាត់ចែង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក រថយន្តបង្ក និងម៉ូតូ ។ សមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយ តាមផ្លូវច្បាប់ ៕