
ភ្នំពេញ៖ បុុរសម្នាក់ បើកម៉ូតូលឿនជ្រុល ទៅបុកសួនច្បារពុះចែកទ្រូងផ្លូវខ្ទាតទៅផ្លូវម្ខាងទៀត ហើយត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ។
បើតាមប្រភពព័តមាន បានឲ្យដឹងថា បុរសរងគ្រោះ ជិះម៉ូតូប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ កណ្ដាល 1AL-9619 តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពី ខាងលិច ទៅខាងកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុច ស្តុបវត្តស្លែង ក៏បានរេចង្កូត ជ្រុលទៅបុកសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យជនរងគ្រោះខ្ទាតទៅផ្លូវ ម្ខាងទៀត ហើយក៏ត្រូវរថយន្តធុនធំ មួយគ្រឿង មិនចាំម៉ាក កិន បណ្ដាលអោយស្លាប់ ភ្លាមៗ នៅនឹងកន្លែង ចំណែករថយន្ដនោះ បើកគេចខ្លួនបាត់ស្រមោល។
សពជនរងគ្រោះ មានឈ្មោះ ភី នៀ អាយុ ២៥ ឆ្នាំ មានស្រុកកំណើតនៅ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្ន ស្នាក់នៅម្ដុំក្រោយផ្សារកាណា សុីធី និងមានមុខរបរ ជាអ្នកបើកឡានដឹកដី។
ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានចុះមកដល់ទីតាំង កន្លែងកើតហេតុ ធ្វើកំណត់ហេតុ រួចប្រគល់សព និងម៉ូតូ អោយសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕