
ក្រចេះ៖ ក្រោមបញ្ជាលោក សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឡុង យឹង មេបញ្ជាការរង ទទួលការងារព្រហ្មទណ្ឌ កម្លាំងអាវុធហត្ថខេត្តក្រចេះបានបើកប្រតិបត្តិការ ឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីប្លន់សម្លាប់ (អារក) ជនរងគ្រោះ នៅខេត្តមណ្ឌលគីរី។
ប្រតិបត្តការនេះ ធ្វើឡើង កាលពីយប់ ថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចអូរថ្មី ភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
យោងតាមរបាយការណ៍ អាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថាៈ ជនសង្ស័យ ឈ្មោះ សិទ្ធ ធាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មក្រែ ឃុំថ្មក្រែ ស្រុកចិត្តបុរី ខេត្តក្រចេះ ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន (ប្លន់សម្លាប់) ជនរងគ្រោះ ឈ្មោះ វេង ភា ភេទស្រី អាយុ៥១ឆ្នាំ កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុច ភូមិអង្គ្រង់សែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ។
នេះបើយោងតាមរបាយការណ៍ បានបញ្ជាក់ទៀតថាៈ ក្រោយពីឃាត់ខ្លួន និងសួរនាំ ជនសង្ស័យនោះ បានសារភាពថាៈ ខ្លួនបានយកអង្រែបុកគ្រឿង វាយក្បាល ជនរងគ្រោះ ពីក្រោយ ចំនួន ៥ អង្រែ ទើបជនរងគ្រោះ ដួលទៅលើដី រួចក៏ខ្លួនបានជាន់ពីលើ ខ្នងជនរងគ្រោះ ដោយយកកាំបិត អារកជនរងគ្រោះ ពីក្រោយ ត្រង់ក្រោមត្រចៀក បណ្ដាលឲ្យដាច់ហូរឈាម ស្លាប់នៅនឹងកន្លែង កើតហេតុតែម្ង្តង ហើយរូបខ្លួន ដោះយកគ្រឿងអលង្ការ និងលុយជនរងគ្រោះ រួចរត់គេចខ្លួនតែម្ដង។
ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ម៉ូតូមួយគ្រឿង , កាបូបលុយចំនួន១, ខ្សែក ចំនួន២ខ្សែ, ខ្សែដៃចំនួន ២ខ្សែ , ជញ្ជៀនចំនួន២វង់ ប្រាក់ខ្មែរចំនួន ៦០ម៉ឺនរៀល, ប្រាក់ថៃ ១០០ បាត និងប្រាក់វៀតណាម ចំនួន ៥.០០០ ដុង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួន និងរក្សាទុក នៅមន្ទីរ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៅទីបញ្ជាការអាវុធហត្ថខេត្តក្រចេះ បណ្តោះអាសន្ន ដើម្បីចាត់ការ តាមនីតិវិធីច្បាប់បន្ត៕