
ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់បានដួលផ្កាប់មុខស្លា.ប់ ខណៈពេលដែលកំពុងអង្គុយផឹកស្រាបៀរជាមួយមិត្តរួមការងារ សង្ស័យបណ្តាលឱ្យពីខ្យល់គ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចជាប់ការដ្ឋានសាងសង់អគារមួយកន្លែង ក្បែរស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះ សាញ ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងការសំណង់ដែលនៅជិតកន្លែងកើតហេតុ និងមានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលជាកម្មករសំណង់ធ្វើការក្នុងការដ្ឋានសាងសង់អគារជាមួយនឹងជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា ជនរងគ្រោះបានមកធ្វើការ និងស្នាក់នៅក្នុងការដ្ឋានដែលគេធ្វើអស់រយៈពេលជាច្រើនខែណាមកហើយ។ ចាប់តាំងពីបានធ្វើការជាមួយជនរងគ្រោះ គេសង្កេតឃើញថាជនរងគ្រោះមានកាយសម្បទារឹងមាំ ហើយក៏មិនធ្លាប់បានឮជនរងគ្រោះថា មានជំងឺប្រចាំកាយអ្វីនោះដែរ។តាមប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានចូលធ្វើការក្នុងការដ្ឋានសាងសង់អគារនោះជាធម្មតាដូចសព្វដង។ រហូតដល់ម៉ោង៧យប់ថ្ងៃដដែល ជនរងគ្រោះក៏បានដល់ម៉ោងចេញពីធ្វើការ បន្ទាប់មកជនរងគ្រោះក៏បានដើរចេញពីក្នុងការដ្ឋានសំណង់ដែលខ្លួនធ្វើការឆ្ពោះទៅកន្លែងកើតហេតុ ដើម្បីទិញម្ហូបហូបបាយ។ ពេលដែលទៅដល់កន្លែងកើតហេតុ ជនរងគ្រោះបានជួបនិងអ្នកធ្វើការជាមួយគ្នាចំនួន៤ទៅ៥ នាក់ដែលគេកំពុងអង្គុយផឹកស៊ីបន្តិចបន្តួច ក្រោយពីចេញពីធ្វើការ។

តាមប្រភពដដែលបានបន្តទៀតថា ពេលនោះពួកគេក៏បានហៅជនរងគ្រោះឲ្យចូលរួមផឹកស៊ីជាមួយគ្នា ហើយជនរងគ្រោះក៏ព្រមចូលរួមជាមួយពួកគេដោយយ៉ាងសប្បាយរីករាយ។ លុះដល់វេលាកើតហេតុ ក្រោយពីផឹកស្រាបៀរអស់មួយកំប៉ុង ស្រាប់តែជនរងគ្រោះបានដួលសន្លប់ផ្កាប់មុខ ក្នុងវង់ផឹកស៊ីនោះ ធ្វើឲ្យអ្នកនៅក្នុងវង់ផឹកស៊ីនោះ ផ្អើលឆោឡោនាំគ្នាបីជនរងគ្រោះរត់សំដៅទៅគ្លីនិកឯកជនមួយកន្លែងក្បែរកន្លែងកើតហេតុភ្លាមៗ។ ប៉ុន្តែជាអកុសលខណៈពេលដែលទៅដល់គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ។តាមប្រភពដដែលបានបន្តទៀតថា ភា្លមៗនោះដែលក៏ឃើញមានប្រពន្ធនិងបងប្អូនរបស់ជនរងគ្រោះបានមកស្រែកយំអោបសពជនរងគ្រោះគួរឱ្យសោកសង្រេង និងមិនបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះធ្លាប់មានជំងឺប្រចាំកាយឬយ៉ាងណានោះទេ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុ សាច់ញាតិរបស់ជនរងគ្រោះព្រមទទួលយកការស្លា.ប់របស់ជនរងគ្រោះ ដោយមិនបានធ្វើការប្តឹងផ្តល់អ្វីនោះទេ ហើយសមត្ថកិច្ចក៏បានប្រគល់ស.ពជនរងគ្រោះអោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅខេត្តកំពង់ធំ ៕