
ភ្នំពេញ ៖ អតីតជាងជួសជុលម៉ូតូម្នាក់ តូចចិត្តខ្លួនឯង ងងឹតភ្នែកអស់រយៈពេល៤ឆ្នាំ ជួយធ្វើការងារ ក្រុមគ្រួសារមិនបាន តូចចិត្តនឹងខ្សែជីវិតខ្លួនឯង បែជាបញ្ចប់ជីវិតត្រឹមចងកសម្លាប់ខ្លួន ចោលប្រពន្ធ និងកូន៣នាក់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅផ្ទះរបស់ជនរងគ្រោះផ្ទាល់ តាមផ្លូវបេតុង ក្រុមទី១ ផ្ទះលេខ១ ផ្លូវលេខ២០៩ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ អតីតជាងជួសជុលម៉ូតូ តែរយៈពេល៤ឆ្នាំមកនេះមានជម្ងឺដក់ទឹកក្នុងភ្នែក បណ្តាលឲ្យងងឹត មានប្រពន្ធឈ្មោះ សាន់ សាវ៉ន អាយុ៥០ឆ្នាំ មុខរបរលក់ដូរ មានកូន៣នាក់ ប្រុស១នាក់ អាយុ២០ឆ្នាំ ស្រី២នាក់ ម្នាក់អាយុ១៣ឆ្នាំ និងម្នាក់ទៀតអាយុ១១ឆ្នាំ រស់នៅក្នុងបន្ទុក ផ្ទះកើតហេតុខាងលើ ដែលមានស្រុកកំណើតភូមិរោទ៍ ឃុំញរ៍ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
បើតាមក្រុមគ្រួសារ ធ្វើការបំភ្លឺចំពោះមុខសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺដក់ទឹកក្នុងភ្នែក អស់រយៈពេល៤ឆ្នាំមកហើយ ងងឹតមើលមិនឃើញ ទោះជាក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យ ច្រើនលើកមកហើយ តែមិនជា ភ្នែកពិកាមើលមិនឃើញ ។
ប្រភពបន្តទៀតថា ក្នុងរយៈពេល២ឆ្នាំមកនេះ ជនរងគ្រោះ ចេះតែមានអារម្មណ៍មួម៉ៅ តូចចិត្តខ្លួនឯង ចង់ធ្វើការអ្វី រកសុីអ្វីក៏លែងកើត ក្រុមគ្រួសារចេះតែលួងលោម កុំឲ្យគិតច្រើន ស្រាប់តែនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមគ្រួសារភ្ញាក់ពីដំណេក មិនឃើញជនរងគ្រោះ ចេញទៅមើលក្រៅផ្ទះ ស្រាប់តែប្រទះឃើញចងស្លាប់ទៅវិញ ។តាមការពិនិត្យជាក់ស្តែង សពយកក្រណាត់ ក្រមាមកចងភ្ជាប់នឹងបង្កាន់ដៃខាងក្រៅផ្ទះ ។បើតាមប្រជាពលរដ្ឋ និយមពិសារកាហ្វេពេលព្រឹក នៅទល់មុខផ្ទះកើតហេតុ បានឲ្យដឹងថា បាត់ជនរងគ្រោះមិនឃើញអង្គុយតុកាហ្វេដូចសព្វដង ក៏មិនចាប់អារម្មណ៍ដែរ ព្រោះមើលមិនឃើញបាំងបង្គោលភ្លើង រហូតដល់ក្រុមគ្រួសារឆោឡោ ទើបនាំគ្នាស្រឡាំងកាំង ។
ក្រោយពីមានករណីនេះកើតឡើង សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ សពពិតជាចងកសម្លាប់ខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែង ស្រាយដាក់ចុះ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕