
ព្រៃវែង ៖ នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ បាននាំយកថវិកាប្រចាំខែកុម្ភៈ របស់ឯកឧត្តម ស សុខា និងលោកជំទាវ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មួយកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិឫស្សីធ្លក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សម្រាប់ចូលរួមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។
ដោយក្តីអាណិតជាពន់ពេកចំពោះក្មួយកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន ឯកឧត្តម ស សុខា និងលោកជំទាវ បានសម្រេចឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ក្នុង ១ខែ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ រហូតមក និងបន្តជារៀងរាល់ខែ ។
សម្រាប់ខែកុម្ភៈនេះ គឺជាខែទី១៥ ហើយ ដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មួយកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន ។
សូមបញ្ជាក់ថាក្មេងកំព្រាទាំងពីរនាក់បងប្អូនខាងលើនេះ ត្រូវបានឪពុកម្តាយស្លាប់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយឧបទ្ទវហេតុឆក់ខ្សែភ្លើង ដែលកូនស្រីច្បង អាយុ ៥ឆ្នាំ និងកូនប្រុសប្អួន អាយុ ៣ខែ ។ បច្ចុប្បន្នក្មួយកំព្រាទាំងពីររស់នៅជាមួយជីតាសាច់ឆ្ងាយក្នុងភូមិឃុំខាងលើ៕