នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង អញ្ជើញ ជាធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យឈាបនកិច្ចសពមហាឧបាសក កៅ ខេង ត្រូវជាឪពុកឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ នៅស្រុកស្រែអំបិល ខេត្តកោះកុង។
ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំពីស្ថាប័ននីតិបញ្ញត្តិ និតិប្រតិបត្តិ និងតុលាការ រដ្ឋបាលថ្នាក់ក្រោមជាតិ និងឧកញ៉ា អ្នកឧកញ៉ា ។
ក្នុងវិយោគកថា ដែលអានដោយឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន បានបញ្ជាក់ថាមហាឧបាសក កៅ ខេង ត្រូវជាឪពុកឯកឧត្តម កៅ ខុនដារ៉ា ធ្លាប់បានបម្រេីការងារជាបាឡាត់ខេត្តកំពត មន្រ្តីជាន់ខ្ពស់នៅក្រសួងការបរទេស ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ក្រៅពីបំពេញការងារជាមន្រ្តីដ៏ល្អរបស់ជាតិ មហាឧបាសក កៅ ខេង ជាឪពុុក ជាជីតា ដ៏ល្អប្រកាន់ខ្ជាប់ដោយព្រហ្មវិហារធម៌ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ គ្រប់រូប។
ឯកឧត្ដម កៅ ខុនដារ៉ា តំណាងក្រុមគ្រួសារ ក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមពិធីបុណ្យឈាបនកិច្ចសពមហាឧបាសក កៅ ខេង នាពេលនេះ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមប្រោសប្រទានពរជ័យជូន ថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយសអ្នកចូលរួមទាំងអស់សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ៕