កណ្តាល ៖ អាសូរណាស់ ស្ត្រីម្នាក់ជាអ្នកលក់ខ្យង និងក្ដាមប្រៃ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងករណីរថយន្ត FUSO បុករះម៉ូតូ និងរថយន្ត ២ គ្រឿងផ្សេងទៀតពីក្រោយកំពុងឈប់ចាំស្តុប កាលពីវេលាម៉ោង ១៤ និង ២០ នាទីរសៀល កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចស្តុបផ្លូវ ៥០ ម៉ែត្រ កែងនិងផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីរងគ្រោះឈ្មោះ វ៉ាន់ នីការ អាយុជាង ៣០ ឆ្នាំ មុខរបបលក់ដូរនៅផ្សារតាខ្មៅ រស់នៅស្រុកបាទី ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្តមួយគ្រឿង ម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AO-8139 ហើយនិងរថយន្ត តូរីស មួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-0069 និងម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AG-1067 បានបើកមកឈប់ស្តុបភ្លើងពណ៌ក្រហម បន្តកន្ទុយគ្នា ត្រង់ចំណុចកើតហេតុ។
ខណៈនោះ ក៏មានរថយន្តបង្កម៉ាក FUSO ធុនធំ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-7070 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មិនប្រយ័ត្ន និងមិនមើលគេឯងនៅខាងមុខកំពុងឈប់ស្តុប ក៏បានបុករះពីក្រោយ ហើយកិនអ្នកជិះម៉ូតូជាអ្នកលក់ខ្យង និងក្ដាមប្រៃ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។
ដោយឡែករថយន្ត ៣ គ្រឿងទាំងរថយន្តបង្ក និងម៉ូតូមួយគ្រឿងទៀតរងការខូចខាតផងដែរ។ ក្រោយពេលកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កឃើញសភាពមិនស្រួលបានចុះរត់គេចខ្លួនបាត់ស្រមោល។