
ព្រះសីហនុ ៖ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា មានករណីអគ្គីភ័យបានឆាបឆេះក្បាលរថភ្លើង១គ្រឿងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទីឈានចូលព្រឹកថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២២ នៅចំណុចលើផ្លូវរថភ្លើង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកអធិការនគរបាលស្រុកព្រៃនប់ បានបន្តថា រថភ្លើង១គ្រឿង ដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ROYAL RAILWAY ប្រភេទ BB-1061 ដឹកប្រេងម៉ាស៊ូត មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ អ៊ួន លិនវីន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជំនួយការអ្នកបើកបររថភ្លើងម្នាក់ឈ្មោះ សៅ ចាន់បារមី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិប្រាសាទ ឃុំលាបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
តាមការបំភ្លឺរបស់អ្នកបើកបររថភ្លើងឈ្មោះ អ៊ួន លិនវីន បានបញ្ជាក់ថា មុនពេលកើតហេតុ គាត់បានបើកបរក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចរ៉ារថភ្លើងវាលរេញ ក៏បានចៀសរថភ្លើងមួយខ្សែទៀត ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ក្រោយពីចៀសគ្នារួច គាត់ក៏បើកររថភ្លើងបន្តដំណើរទៅមុខ ហើយបានជាន់ហ្វ្រាំង ស្រាប់តែឆ្លងចរន្ដអគ្គិសនី បង្កជាអគ្គីភ័យឆាបឆេះក្បាលរថភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង ។
តាមការបំភ្លឺរបស់ជំនួយការអ្នកបើកបររថភ្លើងឈ្មោះ សៅ ចាន់បារមី បានបញ្ជាក់ថា ពេលរថភ្លើងចៀសគ្នារួចហើយគាត់បានជាន់ហ្វ្រាំង ស្រាប់តែធុំក្លិនឈ្ងៀមលុះគាត់ចេញមកមើល ស្រាប់តែឃើញមានអគ្គីភ័យឆាបឆេះតែម្ដង ហើយបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីអោយចុះមកជួយអន្តរាគមន៍ពន្លត់ ។
តាមប្រភពដដែលបានបន្តថា ក្នុងករណីអគ្គីភ័យខាងលើ មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ដោយគ្រាន់តែរងការខូចខាតក្បាលរថភ្លើង និងប្រព័ន្ធភ្លើងក្នុងរថភ្លើងតែប៉ុណ្ណោះ ។
ក្នុងហេតុការណ៍ខាងលើ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដឹកនាំដោយលោកអធិការផ្ទាល់ បានយករថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាន១គ្រឿង និងបាញ់ទឹកពន្លត់អស់ចំនួន១រថយន្ត ទើបភ្លើងរលត់អស់ទាំងស្រុង ៕