
រតនគិរី ៖ រថយន្ត HYUNDAI បានបុកជាមួយម៉ូតូ បណ្ដាលឲ្យសិស្សសាលាម្នាក់ស្លាប់ ពេលកំពុងចេញពីសាលារៀនទៅផ្ទះ នៅចំណុចភ្នំដាង លើផ្លូវជាតិលេខ ៧៨ ស្ថិតនៅក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី វេលាម៉ោង ១០ និង ៤៨ នាទីព្រឹក កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក HYUNDAI ៥ តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-3641 (រថយន្តអង្កខ្មែររតនគិរី) បុកនឹងម៉ូតូម៉ាកWaveឆ្លាមពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ភ្លាមនោះអ្នកបើកបររថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់)។ រីឯជនរងគ្រោះឈ្មោះ លាវ សាយ ពិសិទ្ទ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិ-ឃុំកើតហេតុខាងលើ (ស្លាប់)។ គេឃើញម៉ូតូកៀបជាប់ពីក្រោមរថយន្តអូសចម្ងាយជាច្រើនម៉ែត្រ ក្រោយមកអ្នកបើកបររថយន្តបានគេចខ្លួនបាត់។
លោក ថេង ច័ន្ទធី អធិការនគរបាលស្រុកបរកែវ បានប្រាប់កម្ពុជាថ្មី ដឹងថា វត្ថុតាង រថយន្ត និងម៉ូតូត្រូវបានរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីបន្តនីតិវិធីតាមច្បាប់។ ដោយឡែកសាកសព ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕