
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ករណីចោរឆក់, ចោរលួច, ចោរគាស់ផ្ទះ បានកើតឡើងគួរឲ្យបារម្ភនៅក្នុងសង្កាត់ឃ្មួញបន្ទាប់ពីមានការកាន់តំណែងរបស់លោកមេប៉ុស្តិ៍ឃ្មួញទើបតែតែងតាំងថ្មី។
ពួកចោរមិនមែនលួច, ឆក់ គាស់ផ្ទះក្នុងបំណងវាស់ស្ទង់សមត្ថភាពលោកមេប៉ុស្តិ៍នោះទេ ប៉ុន្តែពួកចោរទាំងនោះទំនងជាដឹងយ៉ាងប្រាកដថា លោកមេប៉ុស្តិ៍គ្មានសមត្ថភាពទើបគេលួច, ឆក់ និងគាស់ផ្ទះជាញឹកញាប់ ម្ដងហើយម្ដងទៀតយ៉ាងនេះ។
ជាក់ស្តែង នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ករណីគាស់ឃ្លាំងយកម៉ូតូ ៣គ្រឿង កើតឡើងនៅចំណុចឃ្លាំងមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ វាមិនមែនជារឿងលេងសើចនោះទេ ដែលហ្វូងចោរហ៊ានធ្វើសកម្មភាពគាស់ឃ្លាំងប្រមូលយកម៉ូតូម្ដង ៣គ្រឿងយ៉ាងនេះ។ មានន័យថា ពួកគេ(ចោរ) បានដឹងយ៉ាងប្រាកដអំពីសមត្ថភាពដឹកនាំការងារប្រចាំថ្ងៃ របស់លោកនាយប៉ុស្តិ៍ឃ្មួញ ឈឹម ខាវីរូតវឌ្ឍនៈ ដែលថ្នាក់ដឹកនាំទម្លាក់ពីលើមេឃឱ្យមកកាន់ជានាយប៉ុស្តិ៍ឃ្មួញនេះ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សំ មាឃ ភេទប្រុស អាយុ ២៤ឆ្នាំ បានឲ្យដឹងថា ខ្លួនបានទុកដាក់ម៉ូតូនៅក្នុងឃ្លាំងជាធម្មតាដូចសព្វមួយដង ហើយនៅវេលាម៉ោង ២៖៣០នាទីរំលងអធ្រាត ពេលដែលខ្លួនចេញទៅបត់ជើងតូច ស្រាប់តែឮសំឡេងម៉ូតូ។ ពេលនោះខ្លួនក៏ក្រឡេកឃើញចោរ ៤នាក់ ជិះម៉ូតូ៣គ្រឿងចេញទៅបាត់។ ពេលរត់មកមើលម៉ូតូក្នុងឃ្លាំងស្រាប់តែបាត់អស់រលីង។
ពួកចោរធ្វើសកម្មភាពដោយមិនញញើតកម្លាំងសមត្ថកិច្ចអ្វីសោះឡើយ ដោយប្រមូលយកម៉ូតូក្នុងឃ្លាំងទាំង ៣គ្រឿង ចេញទៅដោយសុវត្ថិភាព។
នេះមិនមែនជាលើកទីមួយទេ ក្នុងករណីចោរគាស់ផ្ទះ ឬឃ្លាំងយកម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ឃ្មួញ ។ ជាញឹកញាប់ណាស់មកហើយ ដែលពួកចោរធ្វើសកម្មភាពប្រមូលយកម៉ូតូម្ដង 2,3 គ្រឿងតាមលំនៅដ្ឋាន និងឃ្លាំងនៅក្នុងមូលដ្ឋានសង្កាត់ឃ្មួញ។ ប្រជាពលរដ្ឋមិនដែលឃើញអាជ្ញាធរសង្កាត់-ខណ្ឌជួយឈឺឆ្អាលស្ដាយស្រណោះទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះឡើយ ហើយសមត្ថភាពកម្លាំងមានសមត្ថកិច្ចក៏នៅតែមិនឃើញផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនោះដែរពោលគឺបាត់ហើយ បាត់ទៀត នៅតែគ្មានដំណោះ ស្រាយនិងគ្មានការទទួលខុសត្រូវពីសមត្ថកិច្ចនោះឡើយ។
លើកនេះគេឃើញឃ្លាំងដែលបាត់ម៉ូតូនោះ មានបំពាក់កាមេរ៉ាសុវត្ថិភាពទៀតផង។ ចាំមើលថាតើលោកនាយប៉ុស្តិ៍អាចបំបែកសំណុំរឿងនេះ ដោយចាប់ពួកចោរទាំងនោះយកមកផ្ដន្ទាទោសបានដែរឬទេ? ឬមួយក៏ស្ងាត់សូន្យឈឹងដូចករណីមុនៗទៀតដែរ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនរំពឹងថា លោកនាយប៉ុស្តិ៍អាចមានសមត្ថភាពបំបែកសំណុំរឿងនេះបានទេ ទោះបីជាឃ្លាំងដែលរងនូវការការបាត់បង់ម៉ូតូរហូតដល់ទៅ ៣គ្រឿងនោះ មានបំពាក់កាមេរ៉ាសុវត្ថិភាពក៏ដោយ។
ឥឡូវនេះ បើតាមប្រជាពលរដ្ឋយល់ឃើញថា ពួកចោរដឹងច្បាស់ថា នៅក្នុងមូលដ្ឋានសង្កាត់ឃ្មួញសមត្ថកិច្ចគ្មានសមត្ថភាពក្នុងការបង្ក្រាបពួកគេនៅឡើយ ទើបពួកគេធ្វើសកម្មភាពនៅតែក្នុងមូលដ្ឋានសង្កាត់ឃ្មួញនេះ រាល់ពេលវេលាដោយមិនញញើត។ រីឯថ្នាក់ដឹកនាំដែលចាប់បញ្ច្រកលោក ឈឹម ខាវីរូតវឌ្ឍនៈ ឲ្យមកកាន់តំណែងជានាយប៉ុស្តិ៍ឃ្មួញ ក៏មិនដែលខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះដែរ បើទោះបីជានៅសល់ពេលតែ២,៣ខែទៀត ដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក៏ដោយ៕