
ភ្នំពេញៈ គណៈកម្មកាជំនាញ របស់កម្ពុជា ពេលនេះ កំពុងតែត្រៀមទទួលទង់ស៊ីហ្គេម ពីប្រទេសវៀតណាម និងទង់អាស៊ាន ប៉ារ៉ាហ្គេម ពីប្រទេសឥណ្ឌូនេស៊ី នាខែកក្កដា ខាងមុខនេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម លើកទី៣២ បានមានប្រសាសន៍ថាៈ ព្រឹត្តិការណ៍កីឡា ទាំង ២ គឺស៊ីហ្គេម លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ គឺជាប្រវត្តិសាស្ត្រដំបូង របស់កម្ពុជា។
បន្ទាប់ពីទទួលទង់ សម្រាប់ស៊ីហ្គេម ថ្ងៃទី២៣ ឧសភា ក្នុងពិធីបិទការប្រកួត ជាផ្លូវការ នៃម្ចាស់ផ្ទះវៀតណាមនោះ កម្ពុជានឹងរៀបចំប្រតិភូមួយទៀត ដើម្បីទៅទទួលទង់ អាស៊ានប៉ារ៉ាហ្គេម ពីម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដើម្បីបើកទទួលស្វាគមន៍ បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ មកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
នៅកម្ពុជា ។
អគ្គលេខាធិការ ប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា បានចាត់ទុកថា ការលុបចោល ព្រឹត្តិការណ៍ ចំនួន២ គឺជាក្ដីបារម្ភរបស់អាស៊ាន ដែលអត្តពលិកជនពិការ រួមទាំង គណៈកម្មការបច្ចេកទេស មិនបានដុសខាត់ សមត្ថភាពជំនាញរបស់ខ្លួន ដែលធ្វើឲ្យជះ ឥទ្ធិពលមិនល្អ ដល់គុណភាពបច្ចេកទេស អត្តពលិកក្នុងតំបន់ ។
ពេលនេះកីឡាករ កីឡាការិនី ជនពិការកម្ពុជា កំពុងហ្វឹកហាត់ បិទខ្ទប់ជាច្រើនប្រភេទកីឡា ក្រោមការទំនុកបម្រុង ពីក្រសួងអប់រំ យុវជន និង កីឡា។ ប្រសិនបើឆ្នាំ២០២២ នេះ មានព្រឹត្តិការណ៍ប្រកួតអន្តរជាតិ កាន់តែច្រើននោះ ការត្រៀមខ្លួនរបស់កីឡាករ កីឡាការិនី ជនពិការ សម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក៏កាន់តែមានឱកាសច្រើន ក្នុងការប្រជែងយក មេដាយដែរ ។ ពេលនេះ កម្ពុជាគាំទ្រពេញទំហឹង ចំពោះអា
ស៊ានប៉ារ៉ាហ្គេម ដែលឥណ្ឌូនេស៊ី ទទួលធ្វើជាម្ចាស់ផ្ទះ ជំនួសវៀតណាម ។
សូមបញ្ជាក់ថា វៀតណាមដែល ទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ទាំងស្ទាក់ស្ទើរនោះ បានសម្រេចលុបចោល ការធ្វើជាម្ចាស់ផ្ទះ នៃអាស៊ានប៉ារ៉ាហ្គេម ដោយសារតែវិបត្តិកូវីដ ១៩ តែប្រទេសឥណ្ឌូនេស៊ី បានដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្កេម លើកទី១១ ជំនួសប្រទេសវៀតណាម ។
កាលពីឆ្នាំ២០១៩ ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ត្រូវបានលុបចោល ម្ដងហើយ ពេលនេះ វៀតណាម លុបចោលម្ដងទៀត ទើបធ្វើឲ្យ សហព័ន្ធកីឡាជនពិការ អាស៊ីអាគ្នេយ៍ មានកង្វល់យ៉ាងខ្លាំង ចំពោះការលុបចោល បែបនេះ បង្កផលប៉ះពាល់ខ្លាំង ដល់គុណភាពបច្ចេកទេសអត្តពលិក និងមន្ត្រីបច្ចេកទេស។ ទោះជាយ៉ាងណា ប្រទេសឥណ្ឌូនេស៊ី បានទទួលយកការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នេះ៕