
ស្ទឹងត្រែង÷ ជនសង្ស័យឈ្មោះម៉ាន ឡន ភេទប្រុសអាយុ ៣៣ ឆ្នាំ រស់នៅភូមិ កេតមឿងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបង្កអំពើហិង្សា ក្នុងគ្រួសារ បណ្តាលឱ្យមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ ត្រូវបានបងប្អូនក្រុមគ្រួសារ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះបន្ទាន់ កាលពីថ្ងៃទីចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧,២០នាទីល្ងាច នៅចំណុចភូមិកេតមឿង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ប្រជាពលរដ្ឋនៅក្នុងភូមិកេតមឿងឃើញហេតុការណ៍នេះបានបញ្ជាក់ថា: ជនសង្ស័យជាមនុស្សញៀនថ្នាំ និងប្រច័ណ្ឌប្រពន្ធមិនសូវលោះថ្ងៃឡើយ ហើយនៅថ្ងៃកើតហេតុខាងលើ ដោយជនសង្ស័យជាប្តីមកពីផឹកស៉ីស្រវឹងស្រា ហើយមកផ្ទះសុំលុយប្រពន្ធមិនបាន ទំនងជាយកទៅទិញថ្នាំងញៀនសេពប្រពន្ធមិនឲ្យ ក៏បានបង្កអំពើហិង្សាបែបនេះឡើង វាយប្រពន្ធនិងចបជីកឲ្យរងរបួសស្នាមយ៉ាងដំណំ ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង។
ហើយខណ:នោះកម្លាំងប្រជាការពារ នៅក្នុងភូមិ បាននាំគ្នាចុះអន្តរាគមន៍ជួយដល់ជនរងគ្រោះ ដែលជាប្រពន្ធរងគ្រោះនិងកូនតូច នាំយកទៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីជួយសង្គ្រោះ។
ជុំវិញរឿងនេះលោកជឹម អេន អធិការដ្ឋាននគរបាលស្រុកសៀមប៉ាង បានឲ្យដឹងថា: ជនរងគ្រោះត្រូវជាប្រពន្ធជនសង្ស័យឈ្មោះម៉ាន ឡន ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ បានប្រើហឹង្សាវាយទៅលើប្រពន្ធឈ្មោះកាន ញ៉ុត អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅជាមួយជនសង្ស័យ មូលហេតុបណ្តាលមកពីសយំលិតប្រពន្ធមិនបាន ទើបប្រើហឹង្សាយកចបជីកវាយទៅលើប្រពន្ធខ្លួនរងរបួសជាច្រើនកន្លែង រងរបួសជាទម្ងន់ត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងជួយដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
ចំណែកជនបង្កហឹង្សាជាប្តី ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីបន្តនិតិវិធីច្បាប់។
សូមបញ្ជាក់ថា: ជនសង្ស័យឈ្មោះ ម៉ានឡន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីចំណាត់ការបន្តទៅតាមផ្លូវច្បាប់ ក្នុងពេលដែលជនដៃដល់បង្ករបួសស្នាមរូបនេះ ដែលបានបង្ករបួសស្នាមទៅលើប្រពន្ធ ជាច្រើនកន្លែងយ៉ាងធ្ងន់ធ្ងរច្បាប់មិនអាចលើកលែងបានឡើយ។