
ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌឺដងពាក្យសម្តីដាក់គ្នា និងបើកម៉ូតូបុកខូចតិចតួច ក៏កើតជាហិ.ង្សាផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ច កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១JE-៨៨៣៣ បើកបរដោយយុវជនម្នាក់ពីខាងជើងទៅខាងត្បូង។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ ១GM-៧៧០៧ បើកបរដោយយុវជនម្នាក់ដែរក្នុងទិសដៅស្របគ្នា ។
បើតាមយុវជនដែលជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ បាននិយាយថា មុនកើតហេតុ ខណៈពេលរូបគេកំពុងធ្វើដំណើរ ស្រាប់តែមានយុវជនដែលជិះម៉ូតូហុងដាឌ្រីម ស៊េរី២០២២ បានបើកជែង ហើយឌឺដងពាក្យសម្តីដាក់ខ្លួនទៀត ។ ពេលនោះ រូបគេបង្កើនល្បឿន ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២២ នោះពីក្រោយ បណ្តាលឲ្យខូចខាតផ្លាកលេខ និងបណ្តាលឲ្យម៉ូតូជាប់គាំងទៅមុខមិនរួច ។ ដោយសារប៉ះគ្នាតិចតួចនេះ ស្រាប់តែអ្នកបើកម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ចុះពីម៉ូតូមកវា.យរូបគេមួយដៃ ហើយត្រូវបានអ្នកឃើញហេតុការណ៍នៅទីនោះជួយឃាត់តែម្តង ។
ចំណែកយុវជនដែលជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២២វិញ ក៏បាននិយាយដែរថា ក្រោយពីត្រូវម៉ូតូឌ្រីមស៊េរីឆ្នាំ២០១៦ បុកពីក្រោយនោះ រូបគេក៏បានវា.យអ្នកបើកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ ប្រាកដមែន តែវា.យអត់ត្រូវទេ ដោយសារអ្នកនៅទីនោះជួយឃាត់ ។
ក្រោយពេលអ្នកឃើញហេតុការណ៍បានជួយឃាត់ និងជួយសម្របសម្រួលអស់មួយសន្ទុះធំ តែដោយសារភាគីទាំងសងខាងជជែកយកត្រូវរៀងៗខ្លួន ក៏ទាក់ទងទៅនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីឲ្យធ្វើអន្តរាគមន៍តែម្តង ។ លុះពេលសមត្ថកិច្ចមកដល់ ក៏បានជួយសម្របសម្រួល រួចបញ្ចប់ដោយគ្មានអ្នកចាញ់ និងគ្មានអ្នកឈ្នះឡើយ៕