
ភ្នំពេញ ៖ ស្ត្រីម្នាក់ទើបសម្រាលកូនបាន៥ខែ ជិះម៉ូតូចេញពីកន្លែងលក់ដូរត្រឡប់ទៅផ្ទះវិញ ស្រាប់តែដួលម៉ូតូបោកទៅនឹងថ្នល់ បណ្តាលឱ្យស្លា.ប់ចោលកូនយ៉ាងអាណោចអាធ័ម ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១នឹង៤០នាទីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ភូមិព្រៃទីងទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ង៉េត សុគន្ធារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់កាហ្វេ រស់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AU-6802 បើកបរក្នុងទិសដៅពីលិចទៅកើត ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះបានធ្វើដំណើរចេញពីបុរីសន្តិភាពពីរឆ្ពោះទៅផ្ទះនៅម្ដុំចម្ការដូង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញជនរងគ្រោះដួលបោកទៅនឹងចិញ្ចើមផ្លូវ ចំណែកឯម៉ូតូស្ត្រីរងគ្រោះវិញខ្ទាតចេញពីស្ត្រីរងគ្រោះប្រមាណជិត៥០ម៉ែត្រ ។
បើតាមប្រភពព័ត៌មានពីបងប្អូនដែលស្គាល់ស្ត្រីរងគ្រោះបានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ស្ត្រីរងគ្រោះបានមកលក់កាហ្វេនៅបុរីសន្តិភាព២ ដោយមានកូនអាយុ៥ខែទុកអោយបងប្អូនជួយមើល នៅពេលស្ត្រីរងគ្រោះធ្វើដំណើរទៅផ្ទះ មិនបានយកកូនទៅជាមួយឡើយ គឺទុកអោយបងប្អូនជួយមើលអោយ ។
តាមសម្តីបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវខាងលើបានឱ្យដឹងថា ដំបូងឡើយស្មានថា រថយន្ដបើកបុ.កស្ត្រីរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌ បានមកដល់ចំណុចកើតហេតុ បានពិនិត្យមើល ឃើញម៉ូតូស្ត្រីរងគ្រោះមិនមានស្នាមខូចខាត ទើបសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌដង្កោ បញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះមិនមែនត្រូវរថយន្ដបុ.កនោះទេ គឺជិះម៉ូតូដួលដោយខ្លួនឯង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌបានមកដល់ចំណុចកើតហេតុបានធ្វើលិខិតប្រគល់ស.ពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូរបស់ស្ត្រីរងគ្រោះយកទៅរក្សាទុកនៅផ្នែកជំនាញសិន រង់ចាំប្រគល់ឱ្យថ្ងៃក្រោយ ៕