
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡិចស៊ីសRX300មួយគ្រឿងបោះពួយយ៉ាងលឿន ហើយដោយខ្វះការប្រុងប្រយ័ត្ន នោះ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងរួចបន្តទៅបុកចូលផ្ទះបោកអ៊ុតសម្លៀកបំពាក់មួយកន្លែងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចក្បែរទីស្នាក់ភូមិទ្រា៤ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ ហេតុការណ៍នេះ ចាត់ទុកជាសំណាងល្អមួយដែលមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។


តាមប្រភពឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2I-6665 បើកបរដោយក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវបេតុង ទិសដៅពីលិចទៅកើត និងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ រថយន្តនោះក៏បានរេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី2019 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HW-8717 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នាជាមួយរថយន្ត បណ្តាលឲ្យម៉ូតូរងការខូចខាតបាក់កាតាបូខាងក្រោយ។
រីឯរថយន្តមិនបានឈប់ចុះមកធ្វើការដោះស្រាយគ្នានោះទេ បានបន្ថែមល្បឿនបើកបន្តដំណើរទៅមុខបានចម្ងាយ៣០ម៉ែត្រពីកន្លែងកើតហេតុ ក៏ជ្រុលចង្កូតទៅបុកចូលផ្ទះបោកអ៊ុតសម្លៀកបំពាក់ខូចទ្វារដែកមួយផ្ទាំងធំទំហំ៥ម៉ែត្រគុណនិង២ម៉ែត្រ និងសម្ភារៈមួយចំនួនទៀត។ រួមទាំងបាក់ខូចខាតជញ្ជាំងថ្មផ្ទះដែលនៅជាប់ផ្ទះបោកអ៊ុតចំនួនមួយផ្ទាំងទៀត។ ចំណែកឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តក៏បានធ្វើការចរចាដោះស្រាយគ្នាជាភាគីខាងម៉ូតូ និងចេញសំណងចំនួន៥០ដុល្លារឲ្យភាគីខាងម៉ូតូដើម្បីបញ្ចប់។ ដោយឡែក ភាគីខាងម្ចាស់ផ្ទះ នៅមិនទាន់អាចធ្វើការចរចាដោះស្រាយគ្នាជាមួយម្ចាស់រថយន្ត ក៏ប្រគល់អោយសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត ៕