
ពោធិ៍សាត់៖សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ បន្ទាប់ពីប្រើកាំបិតផ្គាក់កាប់ទៅលើគូទំនាស់ក្នុងវង់ផឹកស៊ីបណ្ដាលឲ្យរងរបួសធ្ងន់ នៅស្រុកវាលវែង។
ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង 7 យប់ថ្ងៃទី20 ខែកុម្ភៈឆ្នាំ 2022 ត្រង់ចំណុចច្រកព្រាល ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកវាលវែង លោក ធាង ឡេងប្រាប់ឲ្យដឹងថា ដំបូងឡើយេពួកគេបាននាំគ្នាផឹកស៊ីជាមួយគ្នានៅចំណុចខាងលើរហូតដល់ស្រវឹងរៀងខ្លួន ហើយក៏មានទំនាស់ពាក្យសម្ដីតឹងសរសៃកដាក់គ្នាឈានដល់ប្រើហិង្សាជនដៃដល់ទាញកាំបិតផ្គាក់កាប់ទៅលើគូទំនាស់ត្រូវចំស្លាបប្រចៀវខាងឆ្វេងមួយកន្លែង ត្រូវជើងខាងស្ដាំចំនួនពីរកន្លែងបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ជនសង្ស័យមានឈ្មោះពៅ កុសល ហៅ អា ចៃ ភេទប្រុសអាយុ 40 ឆ្នាំស្នាក់នៅកន្លែងកើតហេតុចំណុចចំការចេក ក្នុងភូមិសម្លាញ់ ឃុំក្រពើពីរ ស្រុកវាលវែង។ ចំណែកជនរងគ្រោះ ឈ្មោះកុត សុខនី ភេទប្រុសអាយុ 24 ឆ្នាំរស់នៅ ក្នុងភូមិជាមួយគ្នា និងជនដៃដល់។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួននិងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ចាត់ការតាមនីតិវិធី៕